(កំពង់ធំ)៖ ខ្នងផ្ទះទី៩៦ ជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈលោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ នាល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ត្រូវបានប្រគល់ជូនគ្រួសារយុទ្ធជនពលី ឈ្មោះ ពៅ ណូ អាយុ ៤៦ឆ្នាំ មានកូនចំនួន ៤នាក់នៅក្នុងបន្ទុក បច្ចុប្បន្នរស់នៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាភរិយាអតីតយុទ្ធជនពលីឈ្មោះ ជន ប៊ុនធឿន ឋានន្តរសក្ដិពលបាលទោ នៅអង្គភាពវរសេនាតូចលេខ៥៥ នៃយោធាខេត្តកំពង់ធំ។
ថ្លែងក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានពាំនាំការផ្តាំផ្ញើសាកសួរសុខទុក្ខដល់ក្រុមគ្រួសារអតីតយុទ្ធជន ដែលជានិច្ចកាលសម្តេចតេជោ ហ៊ុន សែន តែងតែគិតគូរពីសុខទុក្ខដល់បងប្អូនអតីតយុទ្ធជន គ្រួសារអតីតយុទ្ធជនពលី ដែលបានបូជាសាច់ស្រស់ឈាមស្រស់ ក្នុងការចូលរួមចំណែកធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព និងក្រោមនយោបាយ ឈ្នះ! ឈ្នះ! របស់សម្តេច ធ្វើឱ្យមានសន្តិភាព និងការអភិវឌ្ឍ ហើយនាំឱ្យប្រទេសកម្ពុជា ខ្ពស់មុខខ្ពស់មាត់ លើឆាកអន្តរជាតិ និងបណ្តាប្រទេសធំៗ លើសកលលោក។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានឱ្យដឹងទៀតថា ផ្ទះថ្មីដែលបានប្រគល់នេះមានទំហំ ៤ម៉ែត្រ X ៦ម៉ែត្រ ជញ្ជាំង និងរនាបក្តារ ដំបូលប្រក់ស័ង្កសី សាងសង់ខ្ពង់ផុតពីដី ជណ្ដើរកាច់ ដែលបានចំណាយថវិកាក្នុងការសាងសង់ អស់ទឹកប្រាក់ ៨,៩៦០,០០០ រៀល។ ក្នុងពិធីប្រគល់ផ្ទះថ្មីនេះផងដែរ លោក សោម ស៊ុន និងក្រុមការងារ ក៏បាននាំយកនូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា តាមរយៈលោកឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរង សមាគមអតីតយុទ្ធជនកម្ពុជា យកមកផ្តល់ជូនគាត់បន្ថែមទៀតរួមមាន៖ អង្ករចំនួន៥០គីឡូក្រាម, មីយើងចំនួន២ កេស, ទឹកត្រីទឹកស៊ីអ៊ីវចំនួន ២យួរ និងថវិកាចំនួន ១២០,០០០ រៀល៕