(កំពង់ចាម)៖ ទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ អមដំណើរដោយលោក កៅ សុខអាន អភិបាលរងខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ប័ណ្ណ សមាជិកបេឡាសន្ដិសុខសង្គម ជូនដល់អតីតយុទ្ធជន មកពីក្រុងកំពង់ចាម និងស្រុកកំពង់សៀម ចំនួន១,៥២២ នាក់ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
ជាមួយនឹងការផ្តាំផ្ញើសាកសួរសុខទុក្ខដោយក្តីនឹករលឹកបំផុត ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត, ទេសរដ្ឋមន្ត្រី គន់ គីម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនអតីតយុទ្ធជន និងគ្រួសារ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា និងគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អាណត្តិទី៦នេះ។
អគ្គលេខាធិការសមាគមអតីតយុទ្ធជនរូបនេះ បានបញ្ជាក់ថា ការផ្តល់ប័ណ្ណសមាជិកបេឡាសន្ដិសុខសង្គមនេះ គឺជាការយកចិត្តទុកដាក់របស់សម្តេចតេជោ ហ៊ុន សែន លើគោលនយោបាយគាំពារសង្គម ដែលផ្តោតជាសំខាន់លើការថែទាំសុខភាព ជូនអតីតយុទ្ធជនឲ្យទទួលបានសេវាពិនិត្យព្យាបាល តាមមន្ទីរពេទ្យរដ្ឋ ដោយឥតបង់ថ្លៃ ដែលរួមចំណែកយ៉ាងសំខាន់ ដល់គោលនយោបាយជាតិអតីតយុទ្ធជនរបស់រាជរដ្ឋាភិបាលកម្ពុជា។
ពិនិត្យលើសំណើរបស់គណៈកម្មាធិការសមាគមអតីតយុទ្ធជនខេត្ត ទេសរដ្ឋមន្ត្រី គន់ គីម បានស្នើសុំសម្តេចតេជោ ហ៊ុន សែន ហើយត្រូវបានសម្តេចប្រធាន យល់ព្រមផ្តល់ជូនផ្ទះ ចំនួន២០ខ្នង ក្នុងចំណោមអតីតយុទ្ធជនទ័លលំបាក មានដី តែមានផ្ទះមិនសមរម្យ ចំនួន៥៥គ្រួសារ។
ដោយឡែក លោកទេសរដ្ឋមន្ដ្រី បានជំរុញឲ្យខេត្តខិតខំឈូសឆាយដីនៅស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ជូនបងប្អូនដែលស័្មគ្រចិត្តទៅនៅទីនោះ ឲ្យបានឆាប់ដើម្បីរៀបចំសង់ផ្ទះជូនពួកគាត់៕