(ភ្នំពេញ)៖ លោក ភីធើ កាស្ស៊ីមៀ (Peter Kazimir) ​ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវ៉ាក បានអះអាងថា រដ្ឋាភិបាលស្លូវ៉ាក បានត្រៀមជាស្រេច ​ក្នុងការចែករំលែកបទពិសោធន៍ ដែលស្លូវ៉ាកមាន​ដល់ភាគីកម្ពុជា ជាពិសេស​ពាក់ព័ន្ធទៅនឹងវិស័យហិរញ្ញវត្ថុសាធារណៈ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨។

ការអះអាងបែបនេះ ត្រូវបានធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ដ្រី ​អូន ព័ន្ធមុនីរ័ត្ន​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២​០១៨ ក្នុងឱកាសលោកដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋស្លូវ៉ាក អមដំណើរ​ដោយក្រុមធុរជនស្លូវ៉ាក មានសមាជិកសរុបចំនួន​៤២​នាក់ អញ្ជើញមកបំពេញទស្សនកិច្ចការងារ រយៈ​ពេល​៣​ថ្ងៃ នៅ​កម្ពុជា។

នាកិច្ចជួបពិភាក្សានេះ ឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវការស្វាគមន៍​យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ចរបស់លោក ភីធើ កាស្ស៊ីមៀ និងគណៈប្រតិភូទាំងមូល និងបានបង្ហាញនូវក្តីសង្ឃឹមថា តាមរយៈនៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ ជាន់ខ្ពស់នៃសាធារណរដ្ឋស្លូវ៉ាកនៅកម្ពុជាលើកនេះ ប្រទេសទាំងពីរ​កម្ពុជា-ស្លូវ៉ាក នឹងពង្រឹងបានថែមទៀត នូវចំណងមិត្តភាពរវាងប្រទេសទាំងពីរ ​និងពង្រីងនូវទំនាក់ ទំនងពាណិជ្ជកម្មទ្វេភាគី ការវិនិយោគ និងកិច្ចសហ​ប្រតិបត្តិការលើវិស័យផ្សេងៗ ជាច្រើនទៀត ដូចជា ការអប់រំ ការអភិវឌ្ឍន៍ធនធានមនុស្ស ទេសចរណ៍ វប្បធម៌ សុខាភិបាល និងបច្ចេកវិទ្យាព័ត៌មាន​។ល។

លោក ភីធើ កាស្ស៊ីមៀ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ នៃសាធារណរដ្ឋស្លូវ៉ាក បានសម្តែងនូវការវាយតម្លៃខ្ពស់ និងអបអរសារទរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងរយៈពេល​២​ទស្សវត្សចុងក្រោយនេះ សម្រេចបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ ជាមធ្យមជាង​៧​% ដែលនាំឲ្យកម្ពុជា ជាប់​ចំណាត់ថ្នាក់លេខ​៦ ក្នុងចំណោមប្រទេស ដែលមានសេដ្ឋកិច្ច​រីកចម្រើនលឿន នៅលើពិភពលោក​។ ទាំងនេះបញ្ជាក់យ៉ាងច្បាស់អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវ និងច្បាស់លាស់ ក្រោមការដឹកនាំ​របស់សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានសម្តែងអំណរគុណដល់ លោក ភីធើ កាស្ស៊ីមៀ និងរដ្ឋាភិបាលស្លូវ៉ាក ចំពោះកាយវិការប្រកបដោយ កិច្ចសហប្រតិបត្តិការនេះ ហើយក៏បានជម្រាបជូនថា កំណែទម្រង់លើវិស័យហិរញ្ញវត្ថុសាធារណៈ ជាកំណែទម្រង់ដ៏សំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា​។ កិច្ចសហ​ប្រតិបត្តិការបច្ចេកទេស ក៏ដូចជា បទពិសោធន៍របស់ស្លូវ៉ាក គឺជាបទពិសោធន៍ដែលកម្ពុជា នឹងសិក្សាស្វែង យល់បន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់ការអនុវត្តន៍នៅកម្ពុជា៕