(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិ បានថ្លែងទៅកាន់ធុរជនចិនថា អគ្គស្នងការដ្ឋាននគរបាលជាតិ សូមធានានូវកត្ដាសន្ដិភាព សន្ដិសុខ សណ្ដាប់ធ្នាប់ជូនសុច្ចធុរជនទាំងអស់ ដែលបានមកវិនិយោគជននៅក្នុងប្រទេសកម្ពុជា ប្រកបដោយភាពអំណោយផលខ្ពស់ ដើម្បីជំរុញការវិនិយោគបន្ថែមទៀត។
ក្នុងពិធីជប់លៀងរបស់ក្រុមហ៊ុនវិនិយោគទុន ជុង គូហ្វឹង គ្រុប ជាមួយថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានថ្លែងយ៉ាងដូច្នេះថា «ក្នុងនាមអាជ្ញាធរមានសមត្ថកិច្ច ដែលមានភារកិច្ចការពារ សុវត្ថិភាពជូនសង្គម និងប្រជាពលរដ្ឋ ខ្ញុំសូមធានាជូនដល់សុច្ចធុរជនទាំងអស់នូវបរិស្ថានប្រកបដោយភាពអំណោយផល និងជួយជំរុញដល់ការវិនិយោគ ពិសេសសន្ដិភាព សន្ដិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និងស្ថាប័នដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ានប្រមាណបាន»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា បានគូសបញ្ជាក់ថា ការសម្រេចចិត្តរបស់ក្រុមហ៊ុន វិនិយោគទុន ជុង គូហ្វឹង គ្រុប ក្នុងការឈានឆ្ពោះ មកបោះទុនវិនិយោគនៅកម្ពុជាស្របតាមផែនការ និងគោលនយោបាយយុទ្ធសាស្ដ្រ «ផ្លូវមួយ ក្រវ៉ាត់មួយ» ដែលផ្ដួចផ្ដើមឡើងដោយប្រទេសចិន កាលពីឆ្នាំ២០១៣ និងដែលត្រូវបានចុះកិច្ចព្រមព្រៀងលើគម្រោងកិច្ចសហប្រតិបត្ដិការរវាងប្រទេសកម្ពុជាចិន កន្លងមកគឺជាការសម្រេចចិត្ត ប្រកបដោយទស្សនវិស័យខ្ពស់បំផុប របស់ថ្នាក់ដឹកនាំក្រុមហ៊ុន។
ផ្អែកតាមបរិបទខាងលើនេះ អគ្គស្នងការរងនគរបាលជាតិរូបនេះ សូមសម្ដែងនូវការស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តរបស់ក្រុមហ៊ុនវិនិយោគទុន ជុង គូហ្វឹង គ្រុប ព្រមទាំងអ្នកវិនិយោគទាំងអស់ ដែលបានជ្រើសរើស និងមានចំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្ដានុពលខ្ពស់ ក្នុងការចាប់ផ្ដើម ឬពង្រីកអាជីវកម្មរបស់ខ្លួន៕