(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងដឹកនាំប្រតិភូក្រសួងអញ្ជើញចូលរួមក្នុងពិធីប្រកាសបង្កើតសម្ព័ន្ធភាពខ្សែក្រវ៉ាត់ និងផ្លូវ ស្ដីពីជំងឺនៅតំបន់ត្រូពិច និងវេទិកាកំពូលលើកទី១ ស្ដីពីជំងឺក្នុងតំបន់ត្រូពិច ដែលរៀបចំឡើងចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងហៃគូ ខេត្តហៃណាន ប្រទេសចិន។

សេចក្ដីប្រកាសព័ត៌មានដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨នេះ បានបញ្ជាក់ថា ពិធីនេះត្រូវរៀបចំធ្វើឡើងដើម្បីលើកកម្ពស់ការងារបង្ការ និងប្រយុទ្ធនឹងជំងឺដែលកើតនៅតំបន់ត្រូពិច មានជាអាទិ៍ដូចជា ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម និងជំងឺព្រូនជាដើម។

លោករដ្ឋមន្ដ្រី ម៉ម ប៊ុនហេង នឹងអញ្ជើញថ្លែងសុន្ទរកថា ក្នុងពិធីប្រកាសបង្កើតសម្ព័ន្ធភាពខ្សែក្រវ៉ាត់ និងផ្លូវ ស្ដីពីជំងឺនៅតំបន់ត្រូពិច និងវេទិកាកំពូលលើកទី១ ស្ដីពីជំងឺក្នុងតំបន់ត្រូពិច ជាផ្លូវការនៅថ្ងៃទី១៩ និងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ លោករដ្ឋមន្ដ្រី នឹងចូលរួមជាអធិបតីក្នុងការសម្ពោធបើកដាក់ដំណើរការមជ្ឈមណ្ឌលស្រាវជ្រាវរួមគ្នា នៃសាកលវិទ្យាលវេជ្ជសាស្ដ្រ ហៃណាន និងសាកលវិទ្យាលវិទ្យាសាស្ដ្រសុខាភិបាល របស់កម្ពុជា ស្ដីពីវេជ្ជសាស្ដ្រតំបន់ត្រូពិច និងសុខភាពសាធារណៈ។

បន្ថែមពីនេះ លោករដ្ឋមន្ដ្រី នឹងធ្វើទស្សនកិច្ចនៅសាកលវិទ្យាល័យវេជ្ជសាស្ដ្រ ហៃណាន មន្ទីរសុខាភិបាលខេត្ត និងមន្ទីរពេទ្យរដ្ឋផ្សេងៗក្នុងខេត្តហៃណាន ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ក៏ដូចជារឹតចំណងមិត្តភាពរវាងប្រជាជន នៃប្រទេសទាំងពីរផងដែរ៕​