(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៦លើក បណ្ដាលឲ្យមនុស្សស្លាប់២នាក់, និងរបួសធ្ងន់៤នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៤គ្រឿង, រថយន្តតូច២គ្រឿង, រថយន្ដធុនធំ២គ្រឿង និងផ្សេងៗ២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង និងមិនគោរពសិទ្ធិ។

សូមបញ្ជាក់ថា រយៈពេល១៦ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន១៧៩លើក បណ្ដាឲ្យមនុស្សស្លាប់ចំនួន៩៧នាក់, របួសធ្ងន់២០០នាក់ និងរបួសស្រាល៨៩នាក់៕