(ភ្នំពេញ)៖ លោក ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានចេញលិខិតមួយដោយស្នើទៅកាន់ប្រធានមន្ទីរធម្មការ និងសាសនា គ្រប់រាជធានីខេត្ត ចាប់ផ្តើមរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដោយមានការសម្រួលពិសេសសម្រាប់ជនពិការ។

ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ ជំនួសមុខឱ្យ លោក វង សូត ជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ និងជារដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានចេញមុខសំដែងការសាទរ និងអរគុណដល់ លោករដ្ឋមន្រ្តី ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ  និងសាសនា បានចេញលិខិតដ៏មានអត្ថន័យមួយនេះ ដោយបង្ហាញការយកចិត្តទូកដាក់ជនពិការ ក្នុងវិស័យពិការភាព។

លោក ឯម ច័ន្ទមករា តំណាងឲ្យជនពិការទូទាំងប្រទេស បានចាត់ទុកថា សកម្មភាពរបស់ លោក ហ៉ឹម ឆែមនាពេលនេះ ប្រៀបដូចជា កាដូរពិសេសមួយ ធ្វើឲ្យជនពិការសប្បាយរីករាយបិទមាត់មិនជិត និងសប្បាយរីករាយយ៉ាងខ្លាំង។

ថ្លែងប្រាប់សារព័ត៌មាន Fresh News នៅមុននេះបន្តិច នាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោក លោក ឯម ច័ន្ទមករា បានបញ្ជាក់ឲ្យដឹងថា « ឯកឧត្តម ហ៉ឹម ឆែម ជាទីគោរព! ជំនួសមុខឱ្យក្រុមប្រឹក្សាសកម្មភាពជនពិការ ដែលមានឯកឧត្តម វង សូត ជាប្រធាន និងក្នុងនាមខ្ញុំបាទជាអគ្គលេខាធិការ ពិតជាមានមោទនភាព និងការស្ងើចសរសើរយ៉ាងស្មោះស្ម័គ្រ ចំពោះការដូពិសេសរបស់ឯកឧត្តមលើការចូលរួមកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនមានពិការភាព!»។

លិខិតរបស់លោក ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា មានខ្លឹមសារដូច្នេះថា« ប្រធានមន្ទីរធម្មការ និងសាសនា ព្រះមេគណ ព្រះអនុគុណ ប្រធានអង្គសាលាឆាន់ បន្ទប់ទឹក ឫសំណង់ផ្សេងៗ ត្រូវធ្វើជំរាលឲ្យជនមានពិការភាព ដើម្បីឲ្យមានភាពងាយស្រួល ក្នុងការធ្វើដំណើរឡើងចុះ ពេលប្រារព្ធពិធីផ្សេងៗ។

ក្នុងលិខិតដដែលបានបញ្ជាក់ថា សម្រាប់សំណង់រៀបរាប់ខាងលើ ដែលបានសាងសង់រួចត្រូវកែច្នៃ ឲ្យមានជំរាលសម្រាប់ការធ្វើដំណើរឡើងចុះ ក្នុងការប្រារព្ធពិធីផ្សេងៗ ជូនជនមានពិការភាព ទៅតាមលទ្ធភាព ដែលអាចកែច្នៃទៅរួច»។

ជាមួយគ្នានោះ លោក ឯម ច័ន្ទមករា សង្ឃឹមថា ក្រសួងស្ថាប័នដទៃទៀត និងមានការស្នើឲ្យអភិបាលរាជធានី-ខេត្តចំណុះរបស់ក្រសួង ស្ថាប័ននោះយកចិត្តទុកដាក់ និងចូលរួមចំណែកជួយសម្រូលដល់ជនពិការ ឲ្យដូចគ្នាទៅនឹងលោក ហ៉ឹម ឆែម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នាពេលនេះ ដែលបានបង្ហាញពីទឹកចិត្ត និងការយកចិត្តទុកដាក់ខ្លាំងដល់ជនពិការ នៅក្នុងវិស័យពិការភាព៕