(អង់គ្លេស)៖ ប្រជាពលរដ្ឋខ្មែរ និងនិស្សិតខ្មែរ នៅចក្រភពអង់គ្លេស នាំគ្នាប្រកាសទៅជួបសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដោយសារតែពួកគាត់ស្រឡាញ់ពេញចិត្ត សម្តេចតេជោ ហ៊ុន សែន និងចង់ស្តាប់ប្រសាសន៍ផ្ទាល់អំពីបទពិសោធន៍ ដែលបានដឹកនាំប្រទេសកម្ពុជាពីបាតដៃទទេរ ឱ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះ និងជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ។
តាមរយៈវីដេអូឃ្លីបមួយនេះ ពលរដ្ឋ និងនិស្សិតខ្មែរ នៅប្រទេសអង់គ្លេស បានបញ្ជាក់ថា មិនមែនមានតែប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសកម្ពុជា គាំទ្រដល់សម្តេចតេជោ ហ៊ុន សែន នោះទេគឺមានបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅបរទេសយ៉ាងច្រើនកុះករ បាននាំគ្នាប្រកាសគាំទ្រវត្តមាន របស់សម្តេចតេជោ នៅក្នុងទ្វីបអឺរ៉ុបនេះផងដែរ។
ពួកគាត់បានប្រកាសស្របៗគ្នាថា មានតែសម្តេចតេជោ ហ៊ុន សែន ម្នាក់ទេដែលធ្វើឱ្យប្រទេសកម្ពជា ទទួលបានសុខសន្តិភាព កសាងជាតិពីបាទដៃទទេរ ពីគំនរផេះផង់ ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា មានការវិវត្តន៍ទៅមុខឥតឈប់ឈរ ជាងនេះទៅទៀត ពួកគាត់ជឿជាក់លើការដឹកនាំ ប្រទេសជាតិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការប្រកាសចូលរួមទៅទទួលស្វាគមន៍ដំណើររបស់នៅថ្ងៃនោះ គឺចង់បញ្ជាក់ឱ្យឃើញ ប្រជាពលរដ្ឋខ្មែរ នៅក្រៅប្រទេសគោរពស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ជាពិសេសគឺចង់ស្តាប់នូវប្រសាសន៍ ដ៏មានតម្លៃរបស់សម្តេចតេជោ ដែលបានដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើន លើគ្រប់វិស័យផងដែរ។ ពួកគាត់បានលើកឡើងថា បច្ចុប្បន្ននេះ មានតែសម្តេចតេជោ ហ៊ុន សែន ម្នាក់ប៉ុណ្ណោះ ដែលបានដឹកនាំនាវាកម្ពុជាឱ្យរួចផុតពីការលំបាកចៀសផុតពីភាពក្រីក្រផងដែរ។
សូមជម្រាបថា ឆន្ទៈដ៏មោះមុតក្នុងនាមអ្នកស្រឡាញ់ជាតិខ្មែរនេះ ត្រូវបានបញ្ជាក់ឡើង នៅក្រោយពេលពួកគាត់ដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្សិច នាថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨៕