(ភ្នំពេញ)៖ តាមការគ្រោងទុកនៅវេលាម៉ោងប្រមាណ ១២កណ្តាលអាធ្រាត្រថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញទៅចូលរួម កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។ ការអញ្ជើញចូលរួមកិច្ចប្រជុំដ៏សំខាន់នេះធ្វើឡើងតបតាមការអញ្ជើញរបស់លោក Donald Tush ប្រធានក្រុមប្រឹក្សាអឺរ៉ុប និងលោក Jean Claude Juncher ប្រធានគណៈកម្មការអឺរ៉ុប។
ក្រសួងការបរទេសកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១២ នឹងប្រព្រឹត្តទៅក្រោមមូលបទ «អឺរ៉ុប និងអាស៊ី៖ ដៃគូសកលសម្រាប់បញ្ហាប្រឈមសកល» មានគោលបំណងពង្រឹងកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ី និងអឺរ៉ុប ខណៈដែលតំបន់ទាំងពីរជំរុញកសាងកម្លាំងរួមគ្នា ដើម្បីដោះស្រាយបញ្ហាជាច្រើន ចាប់ពីការបង្កើនពាណិជ្ជកម្ម និងវិនិយោគ ការតភ្ជាប់ ការអភិវឌ្ឍប្រកបដោយចីរភាព និងបម្រែបម្រួលអាកាសធាតុជាដើម។
ក្នុងសម័យប្រជុំពេញអង្គដែលមានមូលបទរង «ពង្រឹងប្រព័ន្ធពហុនិយម៖ ជំរុញភាពជាដៃគូអាស៊ី-អឺរ៉ុបអំពីការប្រឈមសកល» សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងថ្លែងបទអន្តរាគមន៍មួយដោយផ្តោតទៅលើប្រធានបទ៖ «របៀបវារៈឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព និងកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងបរិយាប័ន្ន»។
ក្នុងអំឡុងពេលស្នាក់នៅប្រទេសបែលហ្ស៊ិក សម្តេចតេជោនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីដាច់ដោយឡែកពីគ្នាជាមួយលោក Dmitry Medvedev នាយករដ្ឋមន្រ្តីរុស្ស៊ី លោក Viktor Orbán នាយករដ្ឋមន្រ្តីគ្រី លោកស្រី Erna Solberg នាយករដ្ឋមន្រ្តីន័រវេស លោក Andrej BabiŠ នាយករដ្ឋមន្រ្តីឆែក និងថ្នាក់ដឹកនាំគណៈប្រតិភូដទៃទៀត។
សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏នឹងជួបសំណេះសំណាលជាមួយសមាជិកសហគមន៍ខ្មែរ និងសិស្ស និស្សិតខ្មែរ ដែលកំពុងរស់នៅ និងសិក្សានៅប្រទេសបែលហ្ស៊ិកផងដែរ។ គណៈប្រតិភូអមដំណើរសម្តេចតេជោ ហ៊ុន សែន ចេញទៅបំពេញបេសកកម្មដ៏ពិសេសសម្រាប់ជាតិមាតុភូមិនេះ រួមមាន៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងឥស្សរជនជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំធុរកិច្ចនៃសភាពាណិជ្ជកម្មកម្ពុជាផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាវេទិកាសម្រាប់កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ី និងតំបន់អឺរ៉ុបជាមួយការផ្ដោតសំខាន់លើសសរស្តម្ភចំនួន៣ រួមមាននយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ ASEM តំណាងឱ្យ ៥០ភាគរយ នៃ GDP របស់ពិភពលោក ព្រមទាំងស្មើនឹង ៦០ភាគរយនៃចំនួនប្រជាជនពិភពលោក និង ៦០ភាគរយ នៃពាណិជ្ជកម្មពិភពលោក។
កិច្ចប្រជុំ ASEM លើកដំបូង ត្រូវបានធ្វើឡើងកាលពីខែមីនា ឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ។ បច្ចុប្បន្ន ASEM មានដៃគូចំនួន៥៣ ក្នុងនោះមាននៅ តំបន់អាស៊ី Asia ២១ប្រទេស រួមទាំងសមាជិកអាស៊ានទាំង ១០ប្រទេស។ ប្រទេសក្នុងតំបន់អឺរ៉ុប ចំនួន ៣០ប្រទេស ក្នុងនោះ ២៨ប្រទេសជាសមាជិកសហភាពអឺរ៉ុប និងប្រទេសមិនមែនជាសមាជិកសហភាពអឺរ៉ុបចំនួន ២ទៀត គឺន័រវែស និងស្វីស។ វេទិកានេះ ក៏មានការអញ្ជើញចូលរួមពី លេខាធិការដ្ឋានអាស៊ាន និងសហភាពអឺរ៉ុបផងដែរ។
សម្រាប់កម្ពុជា បានក្លាយជាសមាជិកនៃវេទិកានេះក្នុងកិច្ចប្រជុំកំពូល ASEM លើកទី៥ រៀបចំឡើងនៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០០៤។
សម្រាប់ដំណើរការរបស់វេទិកានេះ គឺប្រទេសជាសមាជិក ASEM ទាំងអស់ មានភារកិច្ចជួយសម្របសម្រួលកិច្ចសហប្រតិបត្តិការនៃដំណើរការរបស់ ASEM តាមរយៈការដើរ
តួនាទីផ្លាស់វេនគ្នាជាប្រទេសសម្របសម្រួល។ បច្ចុប្បន្នមានប្រទេសជាអ្នកសម្របសម្រួលចំនួន៤ ក្នុងនោះប្រទេសចំនួន២ មកពីអាស៊ី និងប្រទេស ២ទៀតមកពីអឺរ៉ុប។ ប្រទេសសម្របសម្រួលមានតួនាទីធ្វើជាម្ចាស់ផ្ទះ និងសហប្រធាននៃកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់របស់ASEM, ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំសម្របសម្រួល, ធ្វើជាសហប្រធាននៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ASEM និងកិច្ចប្រជុំកំពូល ASEM, សម្របសម្រួលជាមួយដៃគូ និងប្រគល់ឯកសារឱ្យដៃគូសម្រាប់កិច្ចប្រជុំនានា និងយកសំណូមពរ គម្រោង ផ្ដួចផ្ដើមគំនិត និងឯកសារទៅដល់ដៃគូសម្រាប់ពិចារណា។
សម្រាប់ដំណើរការនៃកិច្ចប្រជុំវិញ ASEM មានកិច្ចប្រជុំថ្នាក់កំពូល កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី កិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ និងកិច្ចប្រជុំថ្នាក់ការងារ។ កិច្ចប្រជុំ ASEM ធ្វើឡើងជារៀងរាល់២ឆ្នាំម្ដង និងរៀបចំជាការឆ្លាស់វេនគ្នា ដោយម្ដងនៅក្នុងប្រទេសអាស៊ី និងម្ដងនៅក្នុងប្រទេសអឺរ៉ុប។ កិច្ចប្រជុំនៅក្នុងប្រទេសអឺរ៉ុប តែងតែរៀបចំឡើងដោយប្រធានសហភាពអឺរ៉ុប។
ដោយឡែកកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេស ASEM (ASEM FMM) គឺបន្តកិច្ចសន្ទនា ASEM ក្រោមសសរស្តម្ភនយោបាយ។ កិច្ចប្រជុំនេះ ត្រូវធ្វើឡើងជារាល់ ២ឆ្នាំម្ដង នៅចន្លោះកិច្ចប្រជុំកំពូល ហើយរៀបចំឡើងជាការឆ្លាស់វេនម្ដងនៅប្រទេសអាស៊ី និងម្ដងនៅប្រទេសអឺរ៉ុប។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី គឺផ្ដោតសំខាន់លើវិស័យដទៃជាច្រើននៃកិច្ចសហប្រតិបត្តិការក្នុងនោះរួមមានសង្គម វប្បធម៌ និងការអប់រំ។
សម្រាប់កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់ ASEM (SOM) និងកិច្ចប្រជុំថ្នាក់ការងារ គឺទទួលខុសត្រូវរាល់ការសម្របសម្រួលសកម្មភាពរបស់ ASEM។
អាស៊ី-អឺរ៉ុប ក៏បានបង្កើតមូលនិធិ (ASEF)មួយ ដើម្បីទ្រទ្រង់ថវិកាដល់កិច្ចសហប្រតិបត្តិការរបស់ខ្លួនផងដែរ។ មូលនិធិអាស៊ី-អឺរ៉ុប ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៧ គឺជាស្ថាប័នតែមួយគតនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) ដែលមាន គោលបំណងលើកម្ពស់ការយល់ដឹង ពង្រឹងទំនាក់ទំនង និងសម្របសម្រួលកិច្ចសហប្រតិបត្តិការក្នុងចំណោមមនុស្ស ស្ថាប័ន និងបណ្ដាអង្គការនៅអាស៊ី និងអឺរ៉ុប។
ក្នុងរយៈពេល១៨ឆ្នាំចុងក្រោយមកនេះ ASEF បានបង្កើតបណ្ដាញប្រជាជនរវាងប្រជាជនជាមួយប្រជាជនរាប់ម៉ឺននាក់មកពី អាស៊ី និងអឺរ៉ុប ហើយបច្ចុប្បន្នកំពុងដំណើរការគម្រោងចំនួន៧០០ ស្ដីពីសេដ្ឋកិច្ច វប្បធម៌ ការអប់រំ សុខាភិបាលសាធារណៈ និងការអភិវឌ្ឍប្រកបដោយចីរភាព។ មូលនិធិនេះ ទទួលបានហិរញ្ញវត្ថុវិភាគទានពីសមាជិក ASEM ឈរលើគោលការណ៍ស្ម័គ្រចិត្ត៕