(ព្រៃវែង)៖ លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូ ព្រមទាំងលោក ជា សុមេធី អភិបាលខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែតុលាឆ្នាំ២០១៨ បានចុះពិនិត្យស្ថានភាពផ្លូវនិងស្ពាន ដែលរងការខូចខាតធ្ងន់ធ្ងរដោយសារទឹកជំនន់ទន្លេមេគង្គ ប្រវែង៨,៧០០ម៉ែត្រ ស្ថិតនៅភូមិកំពង់ក្រមួន ឃុំព្រៃកន្លោង ទៅភូមិពោធិ៍រៀងត្បូង ឃុំពោធិ៍រៀង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីដោះស្រាយឲ្យប្រជាពលរដ្ឋ អាចធ្វើចរាចរណ៍បានជាបណ្តោះអាសន្ន។
ក្រៅពីការចុះពិនិត្យស្ថានភាពផ្លូវ និងស្ពានដែកដែលរងការខូចខាតនេះ លោករដ្ឋមន្ត្រីនិងប្រតិភូ ក៏បានពិនិត្យអំពីគម្រោងសិក្សាទំនប់បង្ហៀរ ដែលស្ថិតនៅចន្លោះពីកំពង់ខ្សាច់ ទៅកំពង់ក្រមួនផងដែរ។
ជាមួយគ្នានេះដែរ ស្ពានបាក់ (ស្ពានស្អាង) ស្ថិតក្នុងភូមិថ្មី ឃុំព្រែកអន្ទះ ស្រុកពោធិ៍រៀង (បាក់ក្បាលស្ពានម្ខាង) ដែលមានប្រវែង៣០ម៉ែត្រ និងទទឹង១០ម៉ែត្រ នឹងគ្រោងធ្វើស្ពានដែកបេឡេឡើងវិញ ដើម្បីឆ្លងកាត់បណ្តោះអាសន្នសិន ប៉ុន្តែស្ពានបាក់នេះទៀតសោត នឹងត្រូវសិក្សាដើម្បីសាងសង់ឡើងវិញ នាពេលឆាប់ៗខាងមុខនេះ។ ដោយឡែកចន្លោះពីសាលាស្រុកពោធិ៍រៀង មកដល់ស្ពានបាក់ និងមានគម្រោងសិក្សាសាងសង់ស្ពានបន្ថែមមួយទៀត ដែលមានប្រវែង៦០ម៉ែត្រទៀតផង។
លោក ជា សុមេធី និងប្រជាពលរដ្ឋទូទាំងខេត្តព្រៃវែង សូមថ្លែងអំណរគុណដល់លោករដ្ឋមន្ត្រី ដែលបានចុះមកដោះស្រាយបញ្ហា និងមានវិធានការបន្ទាន់ចំពោះផ្លូវនិងស្ពាន ដែលរងការខូចខាតទាំងនេះ៕