(ហូឡង់)៖ ស្ត្រីជនជាតិហូឡង់ ដែលមានប្តីជាជនជាតិខ្មែរ និយាយភាសា Dutch ថា គាត់មិនជឿគេនិយាយថាកម្ពុជាអាក្រក់ ឬសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អាក្រក់ដូចគេចោទប្រកាន់នោះទេ អ្វីដែលសំខាន់គឺគាត់ចង់មកទស្សនានៅកម្ពុជា ជាពិសេសចង់ជួបជាមួយសម្តេចតេជោ ហ៊ុន សែន ដោយផ្ទាល់ផងដែរ។
តាមរយៈវីដេអូឃ្លីបជាង២៖០០នាទី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រលប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ ស្ត្រីជនជាតិហូឡង់រូបនេះ បានលើកឡើងថា គាត់សប្បាយចិត្តនឹងជួបជាមួយសម្តេចតេជោ ហ៊ុន សែន ដោយមិនចង់ស្តាប់គេនិយាយថា សម្តេចតេជោ ជាមេដឹកនាំអាក្រក់ ដែលឮតែពាក្យចោទប្រកាន់គ្រប់បែបយ៉ាងមកលើ រាជរដ្ឋាភិបាលកម្ពុជានោះទេ។ ដូច្នេះហើយគាត់មានបំណងមកទស្សនានៅកម្ពុជា ដើម្បីបានមើលឃើញឱ្យច្បាស់ពីការដឹកនាំប្រទេសជាតិរបស់សម្តេតេជោ និងការរីកចម្រើនរបស់ប្រទេសកម្ពុជា ផងដែរ។
តាមេយៈវីដេអូនេះដដែរ ស្រ្តីជនជាតិហូឡង់រូបនេះ បានបញ្ជាក់ថា គាត់មិនចង់និយាយអ្វីច្រើនពីនយោបាយនៅស្រុកខ្មែរនោះទេ ដោយសារគាត់ជាជនជាតិបរទេស ប៉ុន្តែគាត់គ្រាន់តែដឹងថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំដែលគិតគូរដល់ប្រទេសជាតិ ផលប្រយោជន៍ជាតិ ជាពិសេសតែងតែទទួលបាននូវការគាំទ្រពីសំណាក់ប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនឥតគណនាផងដែរ។
ជាមួយគ្នានេះដែរ គាត់និយាយថា ប្រសិនបើមានឱកាសគាត់ចង់ថតរូបអនុស្សាវរីយ៍ជាមួយសម្តេចតេជោ ហ៊ុន សែន ខ្លាំងណាស់ ទន្ទឹមនឹងនោះដែរ គាត់ពិតជាស្រឡាញ់វប្បធម៌របស់កម្ពុជាយ៉ាងខ្លាំង សូម្បីតែកូនប្រុសរបស់គាត់ក៏ត្រូវបានឱ្យសិក្សាពីវប្បធម៌ខ្មែរផងដែរ។
សូមជម្រាបថា ឆន្ទៈដ៏មោះមុតក្នុងនាមជាអ្នកស្រឡាញ់សម្តេចតេជោ ហ៊ុន សែន ទាំងជនជាតិបរទេស និងជនជាតិខ្មែរនៅបរទេស ត្រូវបានបញ្ជាក់នៅក្រោយពេលពួកគាត់ដឹងថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) លើកទី១២ នៅទីក្រុងប៊្រុចសែល ប្រទេសប៊ែលហ្សិច៕