(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង លោកអធិការនគរបាលខណ្ឌ មន្ត្រីរាជការខណ្ឌ សង្កាត់-ភូមិ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន២ខ្សែ មានប្រវែងសរុប៨០៦ម៉ែត្រ ដែលជាគម្រោងមូលនិធិ អភិវឌ្ឍសង្កាត់ឆ្នាំ២០១៨ ស្ថិតក្នុងសង្កាត់ព្រៃវែង និងសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីសម្រួលដល់ការធ្វើដំណើរ។
ជាមួយគ្នានេះដែរផ្លូវខ្សែទី១ មានប្រវែង ៤៥៥ម៉ែត្រ និងទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិកំរៀង សង្កាត់ព្រៃវែង និងខ្សែទី២៖ មានប្រវែង៣៥១ម៉ែត្រ និងទទឹង០៤ម៉ែត្រ ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក។
នៅក្នុងឱកាសនេះដែរ លោក នុត ពុធដារ៉ា បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយគ្នាក៏បានធ្វើការផ្តាំផ្ញើរការសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជានិច្ចកាលសម្តេចទាំងទ្វេរតែងបានគិតគូរអំពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ផ្លូវបេតុងថ្មី ០២ខ្សែ ក្នុងសង្កាត់ទាំង២នេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ ប្រកបរបរចិញ្ចឹមជីវិតរបស់បងប្អូនប្រជាពលរដ្ឋព្រមទាំងផ្តល់សោភណ្ឌភាព នៃការរស់នៅផងដែរ។
លោកអភិបាលខណ្ឌ ក៏បានថ្លែងអំណរគុណចំពោះបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ព្រៃវែង និងសង្កាត់ពងទឹក ដែលបានបោះឆ្នោតគាំទ្រ គណបក្សប្រជាជនកម្ពុជា ឱ្យទទួលបានជ័យជម្នះយ៉ាងភ្លូកទឹកភ្លូកដី ដើម្បីសម្តេចតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី ដឹកនាំប្រទេសឆ្ពោះទៅរកវឌ្ឍនភាព ការអភិវឌ្ឍ និងសុខសន្តិភាព។
ជាមួយគ្នានេះដែរលោក នុត ពុធដារ៉ា ក៏បានណែនាំដល់ក្រុមហ៊ុនសូមយកចិត្តទុកដាក់អនុវត្តគម្រោងរបស់ខ្លួនឱ្យបានត្រឹមត្រូវតាម លក្ខណៈបច្ចេកទេស ហើយត្រូវធ្វើឲ្យបានឆាប់ ដើម្បីជូនប្រជាពលរដ្ឋបានប្រើប្រាស់ ជាមួយគ្នាក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋ សូមចូលរួមសហការចំពោះផលប៉ះពាល់តិចតួច ដែលបណ្តាលមកពីការស្ថាបនាផ្លូវ ដើម្បីឱ្យផ្លូវនេះបានឆាប់រួចរាល់ និងមានគុណភាពល្អ ប្រើប្រាស់បានយូរអង្វែង។
ទន្ទឹមនឹងនេះ បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក៏បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានយកចិត្តទុកដាក់ និងគិតគូអំពីការលំបាករបស់ពួកគាត់ ហើយផ្លូវទាំង០២ខ្សែនេះ នឹងជួយសម្រួលដល់ការធ្វើដំណើរ របស់ពួកគាត់យ៉ាងច្រើន៕