(ភ្នំពេញ)៖ ដើម្បីសម្រួលដល់បេក្ខជនដែលស្នើសុំពាក្យអាហារូបករណ៍ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ឱ្យមានភាពងាយស្រួល និងទទួលបានឱកាសនៅក្នុងការទទួលបានអាហារូបករណ៍ ប្រកបដោយការប្រកួតប្រជែង និងស្មើភាព សាកលវិទ្យាល័យបានសម្រេចពន្យារ ការទទួលពាក្យស្នើសុំអាហារូបករណ៍រហូតទៅដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ វិញ ហើយអាហារូបករណ៍នេះផ្តល់ជូនសម្រាប់តែមហាវិទ្យាល័យបច្ចេកវិទ្យា ព័ត៌មានវិទ្យា រួមទាំងមហាវិទ្យាល័យសុខាភិបាល។ នេះបើយោងតាមសេចក្តីប្រកាសរបស់សាកលវិទ្យាល័យពុទ្ធិសាស្រ្ត ដែលភ្នាក់ងារសារព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ។
នៅក្នុងសេចក្តីប្រកាសដដែលនោះបានបញ្ជាក់ទៀតថា ហេតុផលទាំង ១៣ ដែលនិស្សិតគួរជ្រើសរើសសាកលវិទ្យាល័យពុទ្ធិសាស្រ្តជាជម្រើសទី ១នោះគឺ៖
*ទី១៖ សាកលវិទ្យាល័យផ្តោតសំខាន់ទៅលើជំនាញបច្ចេកវិទ្យា និងជំនាញសុខាភិបាលដែលជាជំនាញ និងអាជីពត្រូវការជាចាំបាច់នាសតវត្សទី២១
*ទី២៖ ភាសាអង់គ្លេស៖ ភាសាអង់គ្លេស គឺជាភាសាអន្តរជាតិ ហើយការនិយាយភាសាអង់គ្លេសបានល្អ និងត្រឹមត្រូវ កាន់តែត្រូវការជាចាំបាច់ ដើម្បីជោគជ័យក្នុងវិស័យសុខាភិបាល បច្ចេកវិទ្យា និងវិជ្ជាជីវៈភាគច្រើន។ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានបញ្ចូលការរៀនភាសាអង់គ្លេសនៅគ្រប់ឆ្នាំសិក្សា និងគ្រប់មុខជំនាញសិក្សាទាំងអស់ ដើម្បីឱ្យនិស្សិតរៀនចប់ទទួលបាន មិនត្រឹមតែសញ្ញាបត្រ ប៉ុន្តែថែមទាំងភាសាអង់គ្លេស ដោយមិនបាច់ចំណាយពេលរៀនភាសាអង់គ្លេស នៅសាលាផ្សេងទៀតទេ។
*ទី៣៖ ការគិតស៊ីជម្រៅ៖ បច្ចេកវិទ្យាកំពុងតែធ្វើឱ្យពិភពលោកយើងមានការផ្លាស់ប្តូរ។ ពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ពីការពិតនៅក្នុងសៀវភៅ ទៅការពិតដែលមានការប្រកួតប្រជែងមួយ ឬព័ត៌មានក្លែងក្លាយនៅលើទូរសព្ទ តាមរយៈហ្គោហ្គោល ឬអ៊ីនធឺណេត។ ដើម្បីជោគជ័យយើងត្រូវតែចេះវិភាគ និងវាយតម្លៃស៊ីជ្រៅទៅលើការពិត ដើម្បីឧត្តមប្រយោជន៍សម្រាប់អាជីពការងារ និងបង្កើតជំនាញគិតថ្មី សម្រាប់សតវត្សទី២១។ សាកលវិទ្យាល័យពុទ្ធិសាស្រ្តបញ្ចូលមុខវិជ្ជា ការគិតស៊ីជម្រៅទៅក្នុងគ្រប់ជំនាញសិក្សាទាំងអស់ចាប់ពីឆ្នាំទី ២ឡើងទៅ។
*ទី៤- មានកម្មវិធីសិក្សាកាយវិភាគវិទ្យា (Essential Anatomy) ដ៏ទំនើបថ្មីបំផុតសម្រាប់ឱ្យនិស្សិត ធ្វើស្វ័យសិក្សានៅក្នុងប្រព័ន្ធកុំព្យូទ័រ ដែលមានល្បឿនលឿនបំផុត ចុងក្រោយបង្អស់។
*ទី៥៖ ការធ្វើទំនាក់ទំនង និងការស្តាប់៖ ការធ្វើទំនាក់ទំនងល្អ មានសារៈប្រយោជន៍នៅក្នុងវិស័យសុខាភិបាល។ ឧទាហរណ៍ការធ្វើរោគវិនិច្ឆ័យត្រឹមត្រូវមួយ ដើម្បីធានាថាអ្នកជំងឺទទួលបាននូវការព្យាបាលដ៏ល្អបំផុត។ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត និងបញ្ចូលជំនាញនៃការធ្វើទំនាក់ទំនង និងជំនាញនៃការស្តាប់ទៅក្នុងគ្រប់មុខជំនាញសិក្សាទាំងអស់ ចាប់ពីឆ្នាំ២០១៩ តទៅ។
*ទី៦៖ របៀបបង្រៀនទំនើប និងជំនាញក្នុងការទទួលបានការងារធ្វើ៖ សាកលវិទ្យាល័យពុទ្ធិសាស្រ្ត បានបង្កើតដេប៉ាតឺម៉ង់ដាច់ដោយឡែកមួយ ដែលផ្តោតទៅលើការរៀន និងការបង្រៀនដើម្បីធានាថា វិធីសាស្រ្តបង្រៀនថ្មីទំនើប ដូចជាការបង្រៀនដោយគិតស៊ីជម្រៅ ដោយធ្វើសំយោគ និងការបង្រៀនដោយផ្លាស់ប្តូរពីការរៀននៅក្នុងថ្នាក់ ទៅរៀននៅគ្រប់ទីកន្លែង ហើយមកធ្វើការពន្យល់ និងទទួលយោបល់ត្រលប់នៅក្នុងថ្នាក់ជាដើម ត្រូវបានប្រើប្រាស់ដោយសាស្រ្តាចារ្យ ដើម្បីធានាថា និស្សិតជោគជ័យក្នុងការសិក្សា។ ជំនាញទទួលបានការងារធ្វើ (ជំនាញទន់) ត្រូវបានបញ្ចូលជាបណ្តើរៗពីឆ្នាំទី១ ទៅក្នុងមុខជំនាញសិក្សានីមួយៗ។ ដេប៉ាតឺម៉ង់ ការរៀន និងការបង្រៀនត្រូវបានបង្កើតឡើងដើម្បីធានាថា ការរៀននៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ប្រសើរជាងគេ និងមានស្តង់ដាអន្តរជាតិ។
*ទី៧៖ ទីតាំងសិ្ថតនៅចំកណ្តាលទីក្រុងភ្នំពេញ។
*ទី៨៖ កុំព្យូទ័រថ្មីៗ ទាំងអស់បំពាក់ដោយកម្មវិធីទំនើប និងថ្មីៗបំផុត។
*ទី៩៖ ប្រដាប់បញ្ចាំងសម្រាប់ធ្វើបទបង្ហាញថ្មី៖ សាកលវិទ្យាល័យពុទ្ធិសាស្រ្តធ្វើឱ្យប្រសើរឡើងនូវការបង្រៀន និងការរៀនរបស់និស្សិត។
*ទី១០៖ មានអាហារដ្ឋានថ្មី។
*ទី១១៖ កន្លែងសម្រាប់រៀនដែលមានការជួយជ្រោមជ្រែងពីសាស្រ្តាចារ្យ នឹងត្រូវបង្កើតឡើងនៅឆ្នាំ ២០១៩។
*ទី១២៖ បន្ទប់ពិសោធន៍កុំព្យូទ័រត្រូវបានធ្វើបច្ចុប្បន្នភាព។
*ទី១៣៖ មានការវិនិយោគដ៏សម្បើម លើឧបករណ៍មន្ទីរពិសោធន៍លើគ្រប់មុខជំនាញសិក្សាទាំងអស់នាឆ្នាំ ២០១៩ ដើម្បីផ្តល់ឱកាសដល់និស្សិត ឱ្យទទួលបាននូវអាជីពដ៏ទំនើប៕