(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ដែលទើបចូលកាន់តំណែងថ្មី នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឱ្យ លោក លឹម ជាវុត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ បណ្តាញសារព័ត៌មាន Fresh News ដឹកនាំក្រុមការងារ ចូលជួបសម្តែងការគួរសម នៅអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
ក្នុងឱកាសជួបសំណេះសំណាលនោះ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានកោតសរសើរអំពីការផ្សព្វផ្សាយយ៉ាងឆាប់រហ័សរបស់បណ្តាញព័ត៌មាន Fresh News ព្រមទាំងបានជំរុញដល់ Fresh News បន្តផ្សព្វផ្សាយឱ្យកាន់តែល្អបន្ថែមទៀតពាក់ព័ន្ធនឹង កងយោធពលខេមរភូមិន្ទ។
លោក លឹម ជាវុត្ថា បានថ្លែងអំណរគុណដល់ នាយឧត្តមសេនីយ៍ វង្ស ពិសេន ដែលបានយកចិត្តទុកដាក់ និងចាប់អារម្មណ៍ចំពោះ ការផ្សព្វផ្សាយរបស់ព័ត៌មាន Fresh News។ លោកសន្យាថា នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយកងយោធពលខេមរភូមិន្ទ ដូចដែលបានអនុវត្តកន្លងមក។
សូមបញ្ជាក់ថា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានចូលកាន់តំណែងអគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំងតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជារួចមក៕