(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋសភា លោក ឡេង ប៉េងឡុង នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា ទណ្ឌិត សម រង្ស៊ី ដែលទៅ សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស នាពេលនេះមិនមែនចូលរួមមហាសន្និបាតលើកទី១៣៩ឡើយ ប៉ុន្តែគឺគ្រាន់តែទៅក្នុងនាមជាដើមបណ្ដឹង ជុំវិញការសុំអន្ដរាគមន៍ទៅកាន់ IPU នាពេលកន្លងទៅតែប៉ុណ្ណោះ។
អ្នកនាំពាក្យរដ្ឋសភារូបនេះ បានថ្លែងយ៉ាងដូច្នេះថា «តាមព័ត៌មានដែលខ្ញុំទទួលបាន ការទៅរបស់ សម រង្ស៊ី នៅ IPU ក្នុងឋានៈជាដើមបណ្ដឹងចាស់ ដែលគេអញ្ជើញគាត់ទៅសួរក្នុងគណៈកម្មការមួយទេ មិនមែនចូលក្នុងមហាសន្និបាតនោះទេ [...] ហើយជាក់ស្ដែង លោក សម រង្ស៊ី អត់មានឈ្មោះថ្លែងក្នុងមហាសន្និបាតទេ ហើយសកម្មភាពនៅពេលនេះដើរចុះឡើងនៅខាងក្រៅមហាសន្និបាត»។
សូមជម្រាបថា លោក សម រង្ស៊ី មេចលនាប្រឆាំងនៅក្រៅប្រទេស មិនមានឈ្មោះនៅក្នុងបញ្ជីនៃសមាសភាពដែលចូលរួមនៅក្នុងមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសនោះទេ។ នេះបើតាមបញ្ជីឈ្មោះនៃសមាជិកដែលត្រូវចូលរួមមហាសន្និបាត សហភាពអន្តរសភា (IPU) ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ។
ការបង្ហាញបញ្ជីឈ្មោះ សមាជិកដែលត្រូវចូលរួមមហាសន្និបាត សហភាពអន្តរសភា (IPU) របស់សហភាពអន្តរសភា (IPU) នៅទីក្រុងហ្សឺណែវ បានធ្វើឡើងបន្ទាប់ពីមានការ អះអាងថា លោក សម រង្ស៊ី ដែលជាទណ្ឌិតរត់គេចខ្លួនទៅក្រៅប្រទេស ត្រូវបានអញ្ជើញឱ្យចូលរួមនៅក្នុងមហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា ( IPU ) និងត្រូវអនុញ្ញាតឱ្យឡើងថ្លែងសុន្ទរកថាផងដែរ។
បើតាមបញ្ជីឈ្មោះដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន គឺនៅក្នុងបញ្ជីឈ្មោះខាងលើនេះ មានតែតំណាងកម្ពុជាតែមួយប៉ុណ្ណោះ គឺលោកស្រី ឃួន សុដារី អនុប្រធានទី២នៃរដ្ឋសភា និងគណៈប្រតិភូសភាកម្ពុជាមួយចំនួន ដែលមានឈ្មោះនៅក្នុងបញ្ជីនេះ ហើយអនុញ្ញាតឱ្យឡើងថ្លែងសុន្ទរកថា តំណាងកម្ពុជា៕