(ភ្នំពេញ)៖ ក្រៅពីបានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជានោះ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា ក៏បានសុំជួបពិភាក្សា ជាមួយលោកស្រីផងដែរ អំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា និងក្ដីកង្វល់នានារបស់ផ្នែកឯកជនអឺរ៉ុប។
លិខិតដែលផ្ញើជូនលោកស្រី ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា សូមឆ្លៀងឱកាសសុំជួបជាមួយលោកស្រី នៅក្នុងឱកាសសម័យប្រជុំកំពូលរវាង អាស៊ី-អឺរ៉ុប នៅទីក្រុងប្រ៊ុចសែល តាមពេលវេលាដែលលោកស្រីអាចអនុញ្ញាតឱ្យជួបបាន ដើម្បីថ្លែងប្រឆាំងចំពោះបំណង ចង់ដកប្រព័ន្ធអនុគ្រោះពន្ធ «EBA» ពីប្រទេសកម្ពុជា។
សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា បានបញ្ជាក់យ៉ាងដូច្នេះថា «សភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា សូមឆ្លៀតឱកាសសុំជួបជាមួយលោកស្រី នៅក្នុងឱកាសសម័យប្រជុំកំពូលរវាង អាស៊ី-អឺរ៉ុប នៅទីក្រុងប្រ៊ុចសែល តាមពេលវេលាដែលលោកស្រីអាចអនុញ្ញាតឱ្យជួបបាន ដើម្បីធ្វើការពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសកម្ពុជា និងក្ដីកង្វល់នានារបស់ផ្នែកឯកជនអឺរ៉ុប»។
សូមជម្រាបថា ប្រធានសភាពាណិជ្ជកម្មអន្តរជាតិសំខាន់ៗចំនួន៥ស្ថាប័ន នៅទ្វីបអឺរ៉ុប ដែលក្នុងនោះមានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំនៅកម្ពុជា, សភាពាណិជ្ជកម្ម និងឧស្សាហកម្មបារាំង ប្រចាំនៅកម្ពុជា (CCIFC), ក្រុមធុរកិច្ចអាល្លឺម៉ងប្រចាំនៅកម្ពុជា (ADW), សភាពាណិជ្ជកម្មអឺរ៉ុបខាងជើងប្រចាំនៅកម្ពុជា (NordCham), សមាគមធុរកិច្ចអ៉ីតាលីប្រចាំនៅកម្ពុជា ដែលជាតំណាងឱ្យប្រទេសធំៗចំនួន៩ប្រទេសនៅអឺរ៉ុប បានសរសេរលិខិតពិសេសមួយច្បាប់ផ្ញើជូន លោកស្រី Cecilia Malmstrom ស្នងការទទួលបន្ទុកពាណិជ្ជកម្ម គណៈកម្មការអឺរ៉ុប ដោយប្រឆាំងចំពោះបំណងចង់ដកប្រព័ន្ធអនុគ្រោះពន្ធ (EBAs) ចេញពីប្រទេសកម្ពុជា។
លិខិតរួមរបស់ស្ថាប័នធុរកិច្ចអន្តរជាតិ តំណាងក្រុមហ៊ុនចំនួន៣៣៥ ដែលមាននិយោជិតជាង៥ម៉ឺននាក់ បានសម្តែងនូវក្តីកង្វល់យ៉ាងធ្ងន់ធ្ងរ អំពីដំណើរការឆ្ពោះទៅរកការដកហូត ភាពអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្មនៅក្រោមរបប «អ្វីៗទាំងអស់លើកលែងតែគ្រឿងសព្វាវុធ» (EBAs) ចេញពីប្រទេសកម្ពុជា និងបារម្ភពីផលវិបាកដែលការដកហូតនេះ អាចបង្កឱ្យមានផលប៉ះពាល់ដល់ប្រយោជន៍ ផ្នែកពាណិជ្ជកម្មយូរអង្វែង របស់សហភាពអឺរ៉ុបនៅក្នុងប្រទេសកម្ពុជា៕