(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំគណៈស្នងការនគរបាលខេត្ត មកប្រកាសប្រគល់ភារកិច្ច និងធ្វើពិធីប្រគល់ទទួលប៉ុស្តិ៍ការពារសុវត្ថិភាព នៅតំបន់ឆ្នេរសមុទ្រអូរត្រេះចាស់ ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
ប៉ុស្តិ៍ការពារសុវត្ថិភាពនេះ មានភារកិច្ចការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ព្រមទាំងអ្នកវិនិយោគបរទេស ដែលមានកម្លាំងនគរបាល១២នាក់ បែងចែកវេនប្រចាំការ ២៤ម៉ោង លើ២៤ម៉ោង។ នេះបើយោងតាមលិខិតបង្គាប់ការ លេខ១១៧៤ លបក១៨ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ របស់ស្នងការដ្ឋានខេត្ត។
ក្នុងឱកាសដាក់ឲ្យដំណើរការ ប៉ុស្តិ៍ការពារសុវត្ថិភាព នៅតំបន់ឆ្នេរសមុទ្រអូរត្រេះចាស់នេះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ក៏បានផ្តាំផ្ញើឲ្យកងកម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់ គោរពវិន័យឲ្យបានល្អ ត្រូវមានស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ បំពេញការងារត្រូវ មានឆន្ទៈប្រកបដោយសីលធម៌។
ជាមួយគ្នានោះផងដែរ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានប្រគល់ម៉ូតូប្រដេញចំនួន៣គ្រឿង ជាអំណោយរបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ សម្រាប់ប្រើប្រាស់ផងដែរ។ ក្នុងនាមគណៈស្នងការខេត្ត សូមថ្លែងអំណរគុណ ចំពោះក្រុមហ៊ុន Golden Sun sky entertainment ដែលបានជួយឧបត្ថម្ភ ផ្តល់ទីតាំងកន្លែងស្នាក់នៅ និងជួយអាហារ២ពេល ដល់កងកម្លាំងប្រចាំការរៀងរាល់ថ្ងៃ៕