(កំពង់ធំ)៖ ដោយមានសំណូមពរពីព្រះតេជព្រះគណ ស៊ឹម ញ៉ឹល ព្រះគ្រូចៅអធិការវត្តពោធិរោង និងអាជ្ញាធរដែនដី ព្រមទាំងប្រជាពលរដ្ឋ នៅព្រឹកទី១៦ ខែតុលា ឆ្នាំ២០១៨ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរងយោធភូមិភាគទី៤ និងជាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំសហការី អញ្ជើញទៅបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ និងបំពេញកាតព្វកិច្ចជាពុទ្ធសាសនិកជន ចូលរួមក្នុងកម្មវិធីបញ្ចុះបឋមសិលាសាងសង់ក្លោងទ្វារនៅវត្តពោធិរោង ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ។
លោក សូត្រ អុល មេឃុំបន្ទាយស្ទោង បានឡើងធ្វើរបាយការណ៍សង្ខេបជូនអង្គពិធី និងបានលើកឡើងអំពីស្ថានភាពការ រីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនា របស់ឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ ដែលបានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់។
លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានលើកឡើងអំពីវីស័យព្រះពុទ្ធសាសនា ក្នុងកំឡុងទស្សវត្សឆ្នាំ១៩៧០ ដោយកាលនោះ ព្រះសង្ឃ ត្រូវបានគេចាប់ផ្សឹកអស់ បើហ៊ានជំទាស់តវ៉ាគឺសម្លាប់ចោល ចំណែកវត្តអារាមវិញ គឺត្រូវបានគេយកធ្វើជាកន្លែងដាក់ឃ្លាំងគ្រាប់ ឬជាកន្លែងហូបអាហាររួម គឺគ្មានសម្រាប់ពុទ្ធបរិស័ទគោរពសក្ការៈបូជាឡើយ រីឯគម្ពីរព្រះធម៌ព្រះត្រៃបិដកបាលី ត្រូវបានគេបំផ្លាញចោលផងដែរ។ ដោយឡែកបច្ចុប្បន្ននេះ ខុសគ្នាសម័យមុន គឺវត្តអារាមមានយ៉ាងច្រើននៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ លោកតា-លោកយាយ បងប្អូនប្រជាពលរដ្ឋ ដែលជាពុទ្ធបរិស័ទ្ធ គោរពសក្ការៈបូជា និងជាកន្លែងសម្រាប់អប់រំដល់មនុស្សគ្រប់មជ្ឈដ្ឋាន។
ក្នុងឱកាសនោះដែរ លោក សោម ស៊ុន ព្រមទាំង ថ្នាក់ដឹកនាំ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមជាមួយសប្បុរសជន បានចូលរួមចំណែកក្នុងពិធីនេះ និងបានប្រគេនព្រះសង្ឃនូវស៊ីម៉ងត៍ចំនួន ២តោន និងបច្ច័យចំនួន ១,៣១០,០០០រៀល សម្រាប់ការកសាងក្លោងទ្វារនេះផងដែរ៕