(ប៉ៃលិន)៖ ប្រជាពលរដ្ឋរស់នៅភូមិអូរខ្ទីង សង្កាត់អូរតាំវ៉ា ក្រុងប៉ៃលិន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ បានសម្តែងនូវការត្រេកអរយ៉ាងខ្លាំង បន្ទាប់ពីទទួលបានអំណោយផ្លូវលំក្រាលគ្រួស ក្រហម១ខ្សែ ប្រវែង៤,០០០ម៉ែត្រ ពីនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ ដែលបានគិតគូ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដាច់ស្រយ៉ាល ហើយជាក់ស្តែងផ្លូវ១ខ្សែនេះ គឺពិតជាបានផ្តល់ នូវអត្ថប្រយោជន៍យ៉ាងខ្លាំង សម្រាប់បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។
លោក ហុក សុផល អភិបាលរងខេត្តប៉ៃលិន និងក្រុមការងារបានលើកឡើងថា ផ្លូវលំមួយខ្សែនេះ គឺជាសមិទ្ធផលថ្មី១ទៀត ដែលកើតចេញពីការ គិតគូរខ្ពស់ ពីសំណាក់នាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកស្រីសម្រាប់បម្រើដល់ការរស់នៅ របស់ប្រជាពលរដ្ឋ ភូមិអូរខ្ទីង ក្នុងការធ្វើចរាចរណ៍ទៅមក និងមានជីវភាពល្អប្រសើឡើង ដើម្បីចូលរួមអនុវត្តន៍នយោបាយ កាត់បន្ថយភាពក្រីក្រ របស់រាជរដ្ឋាភិបាលផងដែរ ដូច្នេះផ្លូវថ្នល់គឺជាសរសៃឈាមសេដ្ឋកិច្ចយ៉ាងសំខាន់ បើមានផ្លូវ គឺយើងបានធ្វើឱ្យសេដ្ឋកិច្ច ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើង។
លោក ហុក បន្តបានបញ្ជាក់ថា សមិទ្ធផលទាំងនេះ គឺផ្តើមចេញពីការយកចិត្តទុកដាក់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលតែងតែជំរុញដល់ថ្នាក់ដឹកនាំ គ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ដឹកនាំនៅមូលដ្ឋាន ត្រូវយកចិត្តទុកដាក់ និងគិតគូពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ព្រមទាំងខិតខំកសាងសមិទ្ធិផលនានា ជូនដល់ប្រជាពលរដ្ឋ ហើយការធ្វើផ្លូវ១ខ្សែនេះ គឺពិតជាបានបំពេញនូវសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ងាយស្រួលក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលយកទៅលក់នៅលើទីផ្សារជាពិសេសបានផ្តល់នូវភាពងាយស្រួលដល់សិស្សាសិស្ស បានធ្វើដំណើរទៅសាលារៀន។
ក្នុងឱកាសនោះ លោក ហុក សុផល ក៏បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះទាំងអស់ មេត្តាផ្តល់កិច្ចសហការ និងសម្របសម្រួលនូវផលប៉ះពាល់នានា ក្នុងការស្ថាបនាផ្លូវនេះឱ្យបានឆាប់រហ័សទៅតាមផែនការគ្រោងទុក ព្រមទាំងចូលរួមជួយថែរក្សា ដើម្បីធានាឱ្យការប្រើប្រាស់បានយូរអង្វែង។
សូមបញ្ជាក់ថា ផ្លូវលំក្រាលក្រួសក្រហម១ខ្សែ ដែលនឹងបញ្ចប់គម្រោងស្ថាបនានៅដំណាច់ខែតុលានេះ គឺមានប្រវែង៤,០០០ម៉ែត្រ ទទឹង៧ម៉ែត្រ ដោយស្ពានបាឡេ ចំនួន ២កន្លែង ដាក់លូអង្កត់ផ្ចិត ១ម៉ែត្រ ៦កន្លែង និងលូអង្កត់ផ្ចិត ០.៨ម៉ែត្រ ចំនួន២កន្លែង ដែលជាអំណោយរបស់នាយឧត្តមសេនីយ៍ អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ៕