(ភ្នំពេញ​)៖ លោក លឹម សុភា ប្រធានគណៈបញ្ជាការឯកភាពខណ្ឌ៧មករា បាន​បរាជ័យទៅលើក្រុមអ្នកយកចិញ្ចើមផ្លូវធ្វើអាជីវកម្ម នៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលបង្កឲ្យមានអនាធិបតេយ្យយ៉ាងខ្លាំង ធ្វើឲ្យមានការប៉ះពាល់ដល់សោភ័ណទីក្រុង និងមុខមាត់របស់រាជធានីមួយនេះ។

ជាក់ស្តែង កន្លែងផ្ញើម៉ូតូនៅផ្លូវលេខ១០៩ កែងផ្លូវលេខ១៦៤ និងកន្លែងផ្ញើរថយន្តនៅច្រមុះជ្រូក ផ្លូវលេខ១៦៤កែងនិងផ្លូវ១៤០ និងកន្លែងផ្ញើម៉ូតូនៅខាងមុខសាលាសង្កាត់មនោរម្យ ខណ្ឌមករា បានធ្វើឲ្យមានការរិះគន់យ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋនៅទីនោះ និងថា អាជ្ញាធរមិនបានលទ្ធភាពដោះស្រាយបញ្ហានេះនោះទេ។

ប្រជាពលរដ្ឋបានលើកឡើងថា រាល់ពេលដែលគណៈបញ្ជាការឯកភាពខណ្ឌ៧មករា ចុះរៀបចំសណ្តាប់ធ្នាប់ម្តងៗ គឺធ្វើតែកន្លែងណាដែលប្រជាពលរដ្ឋចតរថយន្ត និងចតម៉ូតូនៅតាមដងផ្លូវ និងនៅតាមផ្ទះប្រជាពលរដ្ឋ ដែលដាក់លក់អីវ៉ាន់នៅតាមចិញ្ចើមផ្លូវតែប៉ុណ្ណោះ តែបើនៅទីតាំងកន្លែងផ្ញើរថយន្ត និងម៉ូតូដែលជារបស់ប្រជាការពារនៅក្នុងខណ្ឌ៧មករា នោះ គឺខាងគណៈបញ្ជាការឯកភាពខណ្ឌ៧មករា មិនហ៊ានរៀបចំដេញ ឬស្ទូចរថយន្តនៅកន្លែងផ្ញើ ឬក៏ចាប់ម៉ូតូលើកដាក់រថយន្តនោះទេ។

គួរំលឹកផងដែរ កាលពីពេលកន្លងទៅ លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានលើកឡើងថា ការសម្រេចយកផ្លូវធំៗ ចំនួន១១ ជាអាទិភាពមុនគេ ក្នុងការរៀបចំសណ្តាប់ធ្នាប់ ក្នុងនោះរួមមាន៖ មហាវិថីព្រះនរោត្តម ព្រះស៊ីសុវត្ថិ ព្រះសីហនុ ព្រះមុនីវង្ស សហព័ន្ធរុស្ស៊ី ម៉ៅសេទុងកម្ពុជាក្រោម វិថីមុនីរ៉េត ហ្សាដឺហ្គោលផ្លូវ២៧១ និងផ្លូវលេខ៧០ ហើយសាលារាជធានីភ្នំពេញ នឹងបន្តធ្វើនៅតាមផ្លូវក្នុងរាជធានីភ្នំពេញបន្តទៀត។

លោកអភិបាលបានបន្តថា «ដំបូងយើងត្រូវធ្វើការផ្សព្វផ្សាយណែនាំ មិនឱ្យប្រជាពលរដ្ឋយកចំណី ផ្លូវមុខផ្ទះធ្វើជាទីតាំងប្រកបអាជីវកម្ម និងណែនាំដល់ម្ចាស់អាជីវកម្ម ទាំងឡាយណាដែលយកចំណីផ្លូវ ធ្វើជាចំណតរថយន្ត និងម៉ូតូដែលបណ្តាលឱ្យប៉ះពាល់ ដល់សណ្តាប់ធ្នាប់សាធារណៈ»

ចុងក្រោយ ប្រជាពលរដ្ឋបានសំណូមពរ ដល់អាជ្ញាធរមូលដ្ឋានខណ្ឌ៧មករា ក៏ដូចជាសាលារាជធានីភ្នំពេញ ជួយមានវិធានការលើបញ្ហានេះផង ព្រោះរាល់ការធ្វើដំណើរពួកគាត់ឆ្លងកាត់ តាមបណ្តោយផ្លូវជុំវិញទីតាំងនេះ ធ្វើឲ្យមានកាកកស្ទះ និងខាតពេលវេលាដោយសារអាជ្ញាធរគ្មានវិធានការណ៍ ឬវិធាននោះធ្វើបាត់ចំណូលរបស់លោកអភិបាលខណ្ឌ៧មករា៕