(សៀមរាប)៖ ខេត្តទេសចរណ៍ប្រវត្តិសាស្ដ្រសៀមរាប នឹងរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងអកអំបុក សំពះព្រះខែ ឆ្នាំ២០១៨ ដែលនឹងរៀបចំធ្វើឡើងនៅថ្ងៃទី២១-២២ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ និងពិធីបុណ្យមួយចំនួនទៀតនាពេលខាងមុខនេះផងដែរ។
ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ អភិបាលខេត្តសៀមរាប លោក ឃឹម ប៊ុនសុង ដឹកនាំកិច្ចត្រៀមរៀបចំ ព្រឹត្តិការណ៍មួយចំនួននាពេលខាងមុខនេះ ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត មេបញ្ជាការ មេបញ្ជាការរង ស្នងការនគរបាល ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត នាយករងរដ្ឋបាល នាយក នាយករងទីចាត់ការ ប្រធានអង្គភាព ចំណុះសាលាខេត្ត និងអ្នកពាក់ព័ន្ធ។
កិច្ចប្រជុំបានពិភាក្សាលើរបៀបវារៈដូចជា៖ ការងាររៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨, ពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះឈ្នះ និងអបអរសាទរខួបលើកទី២០ នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្តប្រកបដោយជោគជ័យ នយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន និងការរៀបចំពិធីបុណ្យខួបលើកទី៤០ នៃទិវាជ័យជម្នះ ៧ មករា។
បន្ថែមពីនេះ លោក ឃឹម ប៊ុនសុង បានណែនាំទៅកាន់អង្គពិធី ដើម្បីអនុវត្តបន្ដរួមមាន អនុគណៈកម្មការនីមួយៗ ត្រូវរៀបចំប្រជុំឲ្យបានមុន រួមមានការប្រជុំតាមអនុគណៈកម្មការ ការគ្រោងចំណាយរួចបញ្ជូនមកលេខាធិការដ្ឋាន, យកចិត្តទុកដាក់ខ្ពស់លើបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ដូចជាការលួច ឆក់ ប្លន់ គ្រឿងញៀន ចំណត, រៀបចំទូកអុំឲ្យបានច្រើនដោយផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងរៀបចំសោភ័ណភាពដាក់តាំងលំអរភ្លើងបំភ្លឺសាធារណៈ ស្ពានព្រះរាជដំណាក់ ភ្លើងតាមសួនច្បារព្រះអង្គចេកព្រះអង្គចមជាដើម៕