(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងថា ការអភិឌ្ឍន៍ធនធានមនុស្ស គឺមានសារសំខាន់ណាស់ សម្រាប់ជីវិតមន្រ្តីរាជការស៊ីវិល ទូទៅត្រូវបណ្តុះបណ្តាលបឋម និងរៀនសូត្រលើការងារជំនាញគ្រប់ផ្នែករហូត ដោយមិនប្រកាន់វ័យ អាយុឡើយ រៀនដើម្បីពង្រឹងសមត្ថភាពការងារប្រចាំថ្ងៃ។
លោកបានលើកឡើងដូចនេះ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលបឋម សម្រាប់មន្រ្តីរាជការស៊ីវិលក្រសួងមហាផ្ទៃ ដែលបានប្រឡងជាប់ក្របខណ្ឌក្នុងឆ្នាំ២០១៧កន្លងទៅ ដែលមានមានសិក្ខាកាមចូលរួមចំនួន ៤៧រូប មកពីខេត្តចំនួន៥។
លោក ងួន រតនៈ បានលើកឡើងបន្ត ដោយបានអបអរសាទរដល់សិក្ខាកាមទាំងអស់ ដែលបានប្រឡងជាប់ក្របខណ្ឌថ្មីទាំអស់ថា សូមប្អូនៗ ក្មួយៗ យកចិត្តទុកដាក់ខិតខំស្តាប់លោកគ្រូបង្ហាត់បង្ហាញ បង្រៀនរយៈពេល៩ថ្ងៃនេះ ដោយយកចិត្តទុកដាក់បំផុត ព្រោះជីវិតមន្រ្តីរាជការណាក៏ដោយ ទោះជាបានរៀនចប់ថ្នាក់បរិញ្ញាបត្រ អនុបណ្ឌិត ឬបណ្ឌិតក៏ដោយ គឺមុននឹងចូលធ្វើការជាមន្រ្តីរាជការ គឺត្រូវចូលរៀនវគ្គបឋមនេះជាការចាំបាច់បំផុត សម្រាប់សិក្ខាកាមយកចំណេះដឹងទាំងនេះទៅអនុវត្តការងារក្នុងស្ថាប័នខ្លួនទៅថ្ងៃក្រោយ។
លោកអភិបាលខេត្ត បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលធ្លាប់បានអនុវត្តរួចហើយថា យុទ្ធសាស្រ្តសម្រាប់ការអភិវឌ្ឍគឺមានកត្តាសំខាន់ៗ៤គឺ ធនធានមនុស្ស ផ្លូវថ្នល់ ទឹកស្អាត ភ្លើងអគ្គីសនី កត្តាទាំង៤នេះហើយជាសរសៃឈាម និងជាឆ្អឹងខ្នងទើបធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍលើគ្របើវិស័យបាន លោកសង្ឃឹមថា សិក្ខាកាមទាំងអស់ខិតខំរៀសូត្រទទួលបានជោគជ័យ ព្រមទាំងទទួលបានវិញ្ញាបនបត្រត្រឡប់ទៅវិញផងដែរ។
លោក ស៊ន ផានី អនុប្រធាននាយកដ្ឋាននៃអគ្គនាយកដ្ឋានបណ្តុះបណ្តាលក្រសួងមហាផ្ទៃបានឱ្យដឹងថា សិក្ខាកាមដែលមកទទួលវគ្គបណ្តុះបណ្តាលនេះ គឺមានរយៈពេល៩ថ្ងៃចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ គឺមកពី៥ខេត្តរួមមាន៖ ខេត្តបាត់ដំបង ខេត្តប៉លិន ខេត្តបន្ទាយមានជ័យ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង ហើយមុខជំនាញដែលត្រូវបណ្តុះបណ្តាលនេះមាន ៧មេរៀន ទី១៖ មុខវិជ្ជានីតិមុខងារសាធារណៈ ទី២៖ កំណែទម្រង់វិជ្ឈការនិងសហវិជ្ឈការ ទី៣៖ ប្រវត្តិក្រសួងមហាផ្ទៃ ៤៖ តួនាទី ភារកិច្ចក្រសួងមហាផ្ទៃ ៥៖ ប្រព័ន្ធគ្រប់គ្រងរដ្ឋបាលថ្នាក់ក្រោយជាតិ ៦៖ កិច្ចការរដ្ឋបាល ៧៖ អភិបលកិច្ចល្អ ។
លោកបានបន្តថា ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមទាំងអស់អាចកំណត់ និងរៀបរាប់បាននូវ៖ ទី១៖ តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់ក្រសួងមហាផ្ទៃនិងរដ្ឋបាលថ្នាក់ក្រោមជាតិ ទី២៖ ការងារកិច្ចការរដ្ឋបាល និងប្រព័ន្ធគ្រប់គ្រងមន្រ្តីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា ទី៣៖ ការអភិវឌ្ឍនៃកំណែទម្រង់វិជ្ឈការ និងសហវិមជ្ឈការនៅកម្ពុជា និងទី៤៖ គោលការណ៍៨ចំណុច និងសារសំខាន់នៃអភិបាលកិច្ចល្អ៕