(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជម្រាបមន្ត្រីការទូតឥណ្ឌូនេស៊ីថា កម្ពុជាបានត្រៀមលក្ខណៈរួចរាល់ហើយ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រទេសឥណ្ឌូនេស៊ី នៅលើវិស័យអទិភាពផ្សេងៗ រាប់ចាប់តាំងពីពាណិជ្ជកម្ម វប្បធម៌ រហូតដល់បច្ចេកវិទ្យា ដើម្បីកាត់បន្ថយឱនភាពទំហំពាណិជ្ជកម្មប្រចាំឆ្នាំរបស់ប្រទេសទាំងពីរ។
លោករដ្ឋមន្ត្រី បានអះអាងដូច្នោះ នាឱកាសទទួលជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ស៊ូឌាមេន ហាសេង (Sudirman Haseng) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា នៅថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨ នៅក្នុងបន្ទប់តាព្រហ្ម នៃទីស្តីការក្រសួងពាណិជ្ជកម្ម។
ក្នុងឱកាសនោះលោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងពីទំនាក់ទំនងមិត្តភាពប្រពៃណីរវាងកម្ពុជា និងឥណ្ឌូនេស៊ី និងភាពស៊ីសង្វាក់គ្នានៃប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសទាំងពីរ តួយ៉ាងដូចជា ភាសា អក្សរសាស្ត្រ និងចម្លាក់បុរាណ។ លោករដ្ឋមន្ត្រី ក៏បានបង្ហាញភាគីឥណ្ឌូនេស៊ី នូវសក្តានុពលកសិកម្ម ទេសចរណ៍ និងឧស្សាហកម្មរបស់កម្ពុជា ដែលកំពុងត្រូវបានរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ក្នុងការធ្វើពិពិធកម្ម (ពង្រីក) នាំចេញទៅកាន់ទីផ្សារក្នុងតំបន់ និងពិភពលោក។
លោករដ្ឋមន្ត្រី បានជម្រាបជូនវឌ្ឍនភាពនៃវិស័យពាណិជ្ជកម្មប្រទេសទាំងពីរ និងបានស្នើឱ្យមានជើងហោះហើរត្រង់ពីឥណ្ឌូនេស៊ីមកកម្ពុជា ដើម្បីលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ ក៏ដូចជាការពង្រឹងកិច្ចសហការវាងវិស័យឯកជននៃប្រទេសទាំងពីរ ជាពិសេសការផ្លាស់ប្តូរបទពិសោធន៍លើផ្នែកបច្ចេកវិទ្យាទូរគមនាគមន៍ និងនវានុវត្តន៍ (គំនិតច្នៃប្រឌិត) ដែលជាគន្លឹះក្នុងការលើកស្ទួយសហគ្រិនភាព សំដៅធ្វើពិពិធកម្មឱកាសការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
ជាការឆ្លើយតបលោក ស៊ូឌាមេន ហាសេង បានយល់ស្របចំពោះការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី និងបានគូសបញ្ជាក់ថា ឥណ្ឌូនេស៊ីមានបំណងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិស័យអទិភាពផ្សេងទៀតជាមួយកម្ពុជា ហើយនៅសប្តាហ៍ក្រោយ ក្រសួងពាណិជ្ជកម្មឥណ្ឌូនេស៊ី នឹងសម្របសម្រួលដំណើរទស្សនកិច្ចរបស់ប្រតិភូធុរជនកម្ពុជា ដែលស្វែងរកឱកាសអាជីវកម្មនៅទីក្រុង Bandung នៃខេត្តចាវ៉ាខាងលិច។
លោកឯកអគ្គរដ្ឋទូត បានបន្ថែមទៀតថា រដ្ឋាភិបាលឥណ្ឌូនេស៊ី កំពុងពិចារណាទិញអង្ករ និងផលិតផលកសិកម្មមួយចំនួនទៀតពីកម្ពុជា និងបានជំរុញពាណិជ្ជករឥណ្ឌូនេស៊ី ចូលរួមព្រឹត្តិការណ៍ពិពរ័ណ័ភូមិ១ ផលិតផល១ ដែលគ្រោងនឹងរៀបចំនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែធ្នូខាងមុខ ដើម្បីជំរុញកិច្ចសហការ និងកាត់បន្ថយឱនភាពទំហំពាណិជ្ជកម្មទ្វេភាគីឲ្យបានអតិបរមា។
សូមជម្រាបថា កាលពីឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌូនេស៊ី សម្រេចបានទឹកប្រាក់សរុប ៥៣៩លានដុល្លារសហរដ្ឋអាមេរិក ពោលគឺបានកើនឡើងជាង ២០% បើធៀបនឹងឆ្នាំ២០១៦ ក្នុងនោះ ការនាំចេញរបស់កម្ពុជា មានទឹកប្រាក់ ២៦លានដុល្លារអាមេរិក និងនាំចូលមានចំនួន ៥១៤លានដុល្លារសហរដ្ឋអាមេរិក។ ដោយឡែកនៅក្នុងឆមាសទី១ នៃឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មទ្វេភាគី សម្រេចបានទឹកប្រាក់ ៣១៨លានដុល្លារអាមេរិក គឺបានកើនឡើង ៨% បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០១៧៕