(ឧត្តរមានជ័យ)៖ ដោយមានការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់អំពីសុខភាពរបស់បងប្អូនប្រជាពលរដ្ឋ, អគ្គនាយកអគ្គនាយកដ្ឋានកាំកុងត្រូល បានផ្តោតសំខាន់ទៅលើសុខមាលភាពប្រជាពលរដ្ននោះ។ ជាក់ស្ដែងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ លោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្តឧត្ដរមានជ័យ បានដឹកនាំមន្រ្តីក្រោមឱវាទ សហការជាមួយមន្ទីរពាណិជ្ជកម្ម សមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យ តាមផ្ទះលក់ឥវ៉ាន់ តូបលក់ទំនិញនានាៗ ក្នុងផ្សារទួលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
ការចុះត្រួតពិនិត្យនេះ មន្ត្រីកាំកុងត្រូល បានផ្តោតសំខាន់ទៅលើគ្រឿងឧបភោគបរិភោគដែលហួសកាលបរិច្ឆេទ និងគ្រឿងភេសជ្ជៈដែលខូចគុណភាពនានា។ ក្នុងនោះលោក ខាន់ រ៉ាត់ ប្រធានសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា ក្រោយពីបានធ្វើការត្រួតពិនិត្យរួចរាល់ បានដកហូតនូវផ្សឹតកំប៉ុងដែលហួសកាលបរិច្ឆេទចំនួន០៧ យកមករក្សាទុកដើម្បីធ្វើការដុត កម្ទេចចោលនៅពេលក្រោយ។
ពេលនោះលោក ខាន់ រ៉ាត់ ក៏បានអប់រំណែនាំបន្ថែមឲ្យបងប្អូនអាជីវករលក់ដូរ ត្រូវគិតដល់សុខភាពអ្នកទិញជាចម្បង និងរាល់ទំនិញដែលទិញមកលក់ដូរត្រូវពិនិត្យឲ្យបានច្បាស់។ លោក ខាន់ រ៉ាត់ រួមទាំងក្រុមការងារក៏បានបិទ និងចែកជូននូវផ្ទាំង poster ដល់បងប្អូនប្រជាពលរដ្ឋជាច្រើនផ្ទាំងសម្រាប់ យកទៅមើលឲ្យពួកគាត់យល់ដឹងឲ្យកាន់តែច្បាស់ និងជួយផ្សព្វផ្សាយបន្តអំពីផលប៉ះពល់ពីសុខភាពដល់បងប្អូនមួយចំនួនទៀត។
ឆ្លៀតក្នុងឱកាសសិស្សានុសិស្សចូលកងវិញនេះ លោក ខាន់ រ៉ាត់ បានអប់រំ និងចែកនូវផ្ទាំង poster ទៅដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលស្វាយ ឲ្យយល់ដឹងអំពីរបៀបជ្រើសរើសផលិតផល យកមកបរិភោគ ជៀសវាងការបរិភោគអាហារ ដែលហួសកាលបរិច្ឆេទ និងគ្មានអានាម័យ ដែលអាចបណ្ដាលមានជំងឺផ្សេងៗ កើតឡើងផងដែរ៕