(ព្រះវិហារ)៖ ស្រ្តីម្នាក់ឈ្មោះ រស់ សុធាវី អាយុ៤៤ឆ្នាំ រស់នៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានគេប្តឹងរឿងជំពាក់ប្រាក់ និងចេញសែកស្អុយសរុបជាង៦ម៉ឺនដុល្លារ ពាក់ព័ន្ធការទិញថ្មយកទៅលក់ឲ្យក្រុមហ៊ុនធ្វើផ្លូវ។
ស្រ្តីរូបនេះ ត្រូវបានជនរងគ្រោះដាក់ពាក្យប្តឹងទៅតុលាការ រហូតតុលាការចេញដីកាតាមចាប់ខ្លួន ប៉ុន្តែរហូតមកដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ជនត្រូវចោទរួបនេះ មិនទាន់ត្រូវបានចាប់ខ្លួននៅ ឡើយទេ។ ជាមួយគ្នានេះ ជនរងគ្រោះដែលរងនូវអំពើឆបោកខាងលើនេះ បានទទូចដល់សមត្ថកិច្ចពាក់ព័ន្ធទាំងអស់ សូមមេត្តាតាមស្រាវជ្រាវដើម្បីតាមចាប់ខ្លួនស្រ្តីរូបនេះ យកមកផ្តន្ទាទោសតាមច្បាប់ ឲ្យខាងតែបាន។
ស្នងការនគរបាលខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ទោ យិន ចំណាន បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះថា រហូតមកដល់ពេលនេះកម្លាំងនគរបាល របស់លោកមិនទាន់តាមចាប់ខ្លួនស្រ្តីរូបនេះនៅឡើយទេ ដោយកំពុងបន្តតាមស្រាវជ្រាវតាមចាប់ខ្លួន យកមកផ្តន្ទាទោសតាមច្បាប់។
នៅក្នុងដីកាបង្គាប់ចាប់ខ្លួនរបស់លោក ទៀង សុខា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ កាលពីខែឧសភា ឆ្នាំ២០១៨កន្លងទៅ បានបង្ហាញថា ស្រ្តីរូបនេះត្រូវបានចោទប្រកាន់ពីបទ «ចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ប្រព្រឹត្តទៅនៅភូមិស្រអែមខាងជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ តាមបញ្ញត្តិមាត្រា២៣១ នៃច្បាប់ស្តីពីឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់សាច់ប្រាក់»។
តាមរយៈដីកាបង្គាប់ឲ្យចាប់ខ្លួននេះ លោកចៅក្រម ទៀង សុថា បានបង្គាប់មកស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះ រស់ សុធាវីខាងលើនេះ មកប្រគល់ជូនសាលាដំបូងខេត្តព្រះវិហារចាត់ការតាមច្បាប់។
ជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ទៅកាន់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ ដោយប្តឹងស្រ្តីរូបនេះ ដោយចោទប្រកាន់ពីបទ «មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងរំលោភលើសេចក្តិទុកចិត្ត» ដែលប្រព្រឹត្តទៅនៅភូមិទំនបន់ សង្កាត់ប៉ាហាល ក្រុង-ខេត្តព្រះវិហារ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៨៕