(ភ្នំពេញ)៖ នៅថៃ្ងទី១៦ ខែតុលា ឆ្នាំ២០១៨នេះ ក្រុមត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នៃក្រសួងពាណិជ្ជកម្ម តាមរយៈរថយន្តមន្ទីរពិសោធន៍ប្រេងឥន្ធនៈចល័ត ដឹកនាំដោយលោក ញូង វ៉ែន ជាអនុប្រធាននាយកដ្ឋាន សហការជាមួយមន្រ្តីជំនាញរបស់មន្ទីពិសោធន៍ បានចុះត្រួតពិនិត្យបរិមាណ, គុណភាព និងតំលៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ៍ និងដេប៉ូមួយចំនួន ស្ថិតនៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណង ការពារផលប្រយោជន៍សេដ្ឋកិច្ចអ្នកប្រើប្រាស់ ការពារគ្រឿងម៉ាស៊ីន នៃយានជំនិះគ្រប់ប្រភេទ និងការពារបរិស្ថាន ដែលកើតចេញពីចំហេះប្រេងឥន្ធនៈមិនសមស្រប និងពិសេសដើម្បីទប់ស្កាត់ការកែ្លងបន្លំ។
លោក ញូង វ៉ែន បានឲ្យដឹងថា ការត្រួតពិនិត្យគុណភាព និងបរិមាណនេះ ផ្អែកទៅលើឧបករណ៍ត្រួតពិនិត្យនៅនឹងកន្លែងដូចជា ធុងក្រឹតមានមាឌជាក់លាក់ សម្រាប់វាស់បរិមាណប្រេង ដែលបាញ់ចេញពីកុងទ័រតាម ទំហំផ្សេងខុសគ្នាមានចំណុះ ០៥លីត្រ ១០លីត្រ និង២០លីត្រ។ ចំណែកសន្ទស្ស៍អុកតាន និងសេតានវិញ គឺប្រើឧបករណ៍ក្នុងរថយន្តមន្ទីពិសោធន៍ចល័ត។ ចំពោះថ្លៃលក់រាយ តាមស្ថានីយ៍ និងដេប៉ូ គឺផ្អែកតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
ជាលទ្ធផល នៃការត្រួតពិនិត្យគុណភាព និងបរិមាណប្រេងឥន្ធនៈរបស់ស្ថានីយ៍០៤កន្លែង នៅទីតាំងខាងលើនេះ មាន០១ទីតាំង លក់ប្រេងអនុលោមភាពទាំងផ្នែកបរិមាណ និងគុណភាព , ០២ទីតាំងមិនមានអនុលោមភាពផ្នែកបរិមាណ និង០១ទីតាំង មិនមានអនុលោមភាពផ្នែកបរិមាណ និងគុណភាព។ ចំពោះថ្លៃលក់រាយទាំង០៤ទីតាំង បានអនុវត្តត្រឹមត្រូវតាមសេចក្តី ជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម។
លោក ញូង វ៉ែន បានបញ្ជាក់ថែមទៀតថា ក្រុមការងារត្រួតពិនិត្យប្រេងឥន្ធនៈរបស់អគ្គនាយកដ្ឋានកាំកុងត្រូល នឹងបន្តធើ្វការត្រួតពិនិត្យឲ្យបានគ្រប់ស្ថានីយទាំងអស់ទូទាំងកម្ពុជា ហើយក៏បានអំពាវនាវដល់ម្ចាស់ស្ថានីយ៍ប្រេងឥន្ធនៈ ចូលរួមសហការជាមួយក្រុមការងារចុះត្រួតពិនិត្យរបស់អគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងកិច្ចការពារអ្នកប្រើប្រាស់តាមផ្លូវច្បាប់ ហើយចំពោះក្រុមហ៊ុន/ដេប៉ូ ដែលបានរកឃើញមានការលក់ប្រេងឥន្ធនៈមិនសមស្រប ត្រូវធ្វើការបញ្ឈប់ និងកែតម្រូវឲ្យបានសមស្របឡើងវិញជាបន្ទាន់ បើមិនពុំនោះនឹងត្រូវទទួលរងនូវចំណាត់ការតាមនីតិវិធីនៃច្បាប់ជាធរមាន។
អនុប្រធាននាយកដ្ឋានរូបនេះ ក៏បានអំពាវនាវអ្នកប្រើប្រាស់យានជំនិះទាំងអស់ ត្រូវពិចារណាជាមុនក្នុងការជ្រើសរើសស្ថានីយ៍/ដេប៉ូប្រេងឥន្ធនៈ ដោយជ្រើសរើសក្រុមហ៊ុនទុកចិត្ត ប្រើប្រាស់ឧបករណ៍ថ្មី លក់ប្រេងសាំងធម្មតា ឬស៊ុបពែរ និងម៉ាស៊ូតដែលមានគុណភាពល្អ ហើយគ្រប់ចំនួនលីត្រ។
បន្ថែមពីលើនោះត្រូវពិនិត្យ មើលលេខកុងទ័រ នៅពីចំណុចសូន្យជានិច្ចមុនពេលចាក់ តាមដានដំណើរការ នៃលេខកុងទ័រដែលត្រូវចាប់ផ្កើមជាមួយគ្នានឹងម៉ាស៊ីនបាញ់ប្រេងរហូតដល់ចំនួនលីត្រចុងក្រោយ ដែលបានស្នើតាមដានសេចក្តីជូនដំណឹងពីតម្លៃប្រេងឥន្ធនៈរបស់ក្រសួងពាណិជ្ជកម្ម និងត្រូវប្រុងប្រយ័ត្ន សុវត្ថិភាពផ្នែកអគ្គីភ័យ ដោយពន្លត់ម៉ាស៊ីនយានជំនិះពេលចាក់បំពេញប្រេងក្នុងស្ថានីយ និងសូមផ្តល់ព័ត៌មានមកមន្រ្តីជំនាញកាំកុងត្រូលប្រចាំរាជធានី-ខេត្ត ឬមកអគ្គនាយកដ្ឋានកាំកុងត្រូល ក្នុងករណីដែលបាតុភាពជាយថាហេតុណាមួយ៕