(ភ្នំពេញ)៖ លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងអំពាវនាវឲ្យមានការប្រើប្រាស់ភាសាសញ្ញាសម្រាប់មនុស្សគ-ថ្លង់ នៅគ្រប់ទីកន្លែង និងគ្រប់កម្មវិធី ដើម្បីលើកទឹកចិត្ត និងឲ្យតម្លៃដល់មនុស្សគ-ថ្លង់។ លោក ឯម ច័ន្ទមករា បានបន្ថែមថា ក្រៅពីប្រើប្រាស់ភាសាសញ្ញាសម្រាប់មនុស្សគ-ថ្លង់ នៅគ្រប់ទីកន្លែង និងគ្រប់កម្មវិធី បន្ថែមពីនោះ ក៏មានការប្រើប្រាស់ភាសាសញ្ញានៅកន្លែងធ្វើការទាំងស្ថាប័នរដ្ឋនិងឯកជន ដែលមានមនុស្សគ-ថ្លង់ធ្វើការជាមួយ និងមានដាក់អ្នកបកប្រែភាសាសញ្ញា នៅតាមកម្មវិធីរបស់ស្ថានីយទូរទស្សន៍នានា សាលារៀន មន្ទីរពេទ្យ មណ្ឌលសុខភាព ក្រុមគ្រួសារ និងសហគមន៍របស់មនុស្សគ-ថ្លង់។
ការថ្លែងរបស់លោក ឯម ច័ន្ទមករា បានធ្វើឡើងនៅក្នុង «ទិវាមនុស្សគ-ថ្លង់» ដែលរៀបចំឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ នាទីស្តីការក្រសួងសង្គមកិច្ច។
លោក ឯម ច័ន្ទមករា បានលើកឡើងថា នៅកម្ពុជា «ទិវាមនុស្សគ-ថ្លង់» បានរៀបចំឡើងតាំងពីឆ្នាំ២០១៣ នៅចន្លោះខែកញ្ញា ឬខែតុលា។ សម្រាប់ឆ្នាំ២០១៨នេះ ទិវាមនុស្សគ-ថ្លង់ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកទឹកចិត្តឲ្យមានការប្រើប្រាស់ភាសាសញ្ញា សម្រាប់មនុស្សគ-ថ្លង់ នៅគ្រប់ទីកន្លែង និងគ្រប់កម្មវិធី ជាពិសេស ការប្រើប្រាស់ភាសាសញ្ញានៅកន្លែងធ្វើការទាំងស្ថាប័នរដ្ឋនិងឯកជន ដែលមានមនុស្សគ-ថ្លង់ធ្វើការជាមួយ។
លោក ឯម ច័ន្ទមករា បានបន្ថែមឲ្យដឹងថា តាមរយៈការអនុវត្តច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព អនុសញ្ញា ស្តីពីជនមានពិការភាព ពិសេសផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងលិខិតបដ្ឋានគតិយុទ្ធផ្សេងៗ ឃើញថា ជនមានពិការភាពនៅកម្ពុជា ទទួលបានសិទ្ធិពេញលេញ ការរើសអើងចំពោះជនមានពិការភាពក៏ត្រូវបានកាត់បន្ថយគួរឲ្យកត់សំគាល់។
ជាក់ស្តែងក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឲ្យជនមានពិការភាព ទទួលបានការអប់រំប្រកបដោយគុណភាព ការព្យាបាលជំងឺដោយរដ្ឋ និងរណបដោយឥតគិតថ្លៃ ការប្រើប្រាស់របបគោលនយោបាយដល់ជនមានពិការភាពក្រីក្រ នៅតាមសហគមន៍ និងជួយឧបត្ថម្ភគាំទ្រ ក្នុងរូបភាពជាច្រើនថែមទៀត។
សម្រាប់ឆ្នាំសិក្សា២០១៧-២០១៨ សិស្សគ-ថ្លង់ ចំនួន១៦នាក់ ក្នុងនោះមានសិស្សស្រីចំនួន៨នាក់ បានប្រឡងជាប់សញ្ញាប័ត្រទុតិយភូមិ។ បច្ចុប្បន្ន មានសិស្សគ-ថ្លង់ ចំនួន៥១១នាក់ កំពុងសិក្សាគ្រប់កម្រិត តាំងពីកម្រិតបឋមសិក្សា រហូតដល់វិទ្យាល័យ បន្ថែមពីលើនេះ ក៏មាន សិស្សគ-ថ្លង់ ចំនួន ៦នាក់ កំពុងបន្តការសិក្សានៅកម្រិតមហាវិទ្យាល័យ។ មនុស្សគ-ថ្លង់ មានប្រមាណ៤ម៉ឺននាក់ ស្មើនឹង៨.៣ភាគរយ នៃចំនួនជនមានពិការភាពសរុបជាង៥២ម៉ឺននាក់។
លោក ឯម ច័ន្ទមករា បានលើកឡើងថា តាមរយៈការដឹកនាំរបស់រដ្ឋមន្រ្តី វងសូត ដែលជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការ បងប្អូនគ-ថ្លង់ មានជំនឿមុតមាំថា រាជរដ្ឋាភិបាលនឹងបន្តឆន្ទៈ ជំរុញឲ្យមានការធ្វើបរិយាបន្នពិការភាព ទៅលើគ្រប់វិស័យគ្រប់កម្រិតដើម្បីជាប្រយោជន៍របស់ជនមានពិការភាពនៅកម្ពុជា៕