(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងសហការី បានចេញដំណើរបេសកកម្មការទូត ជាមួយមេដឹកនាំអង្គការឥស្លាមធំៗ នៅអារ៉ាប៊ីសាអូឌីត បន្ទាប់ពីលោកត្រូវបានអង្គការសម្ព័ន្ធឥស្លាមពិភពលោក (RABITA) បានជ្រើសតាំងជាសមាជិកឧត្តមក្រុមប្រឹក្សា សម្រាប់រយៈពេល៥ឆ្នាំ២០១៨-២០២៣ដែលអង្គការនេះ នឹងរៀបចំកិច្ចប្រជុំឧត្តមក្រុមប្រឹក្សាលើកទី៤៣ នៅទីក្រុងម៉ាកះ ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្តីពីបញ្ហានានារបស់ឥស្លាមសម័យទំនើប និងស្ថានការណ៍ របស់សហគមន៍មូស្លិមភាគតិចជុំវិញពិភពលោក និងបញ្ហាផ្សេងៗ។
គួរបញ្ជាក់ថា អង្គការសម្ព័ន្ធឥស្លាមពិភពលោក ជាអង្គការឥស្លាមដ៏ធំរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលបង្កើតឡើងនៅឆ្នាំ១៩៦២ ដោយព្រះចៅ Faisal bin Abdul Aziz Al Saud ព្រះមហាក្សត្រអារ៉ាប៊ីសាអូឌីត អង្គការនេះដែរ ក៏ជាសមាជិករបស់អង្គការសហប្រជាជាតិ ហើយក៏ជាសមាជិកសង្កេតការណ៍របស់អង្គការ OIC ដែលមានសមាជិកជាប្រទេសឥស្លាម៥៧ប្រទេសផងដែរ។
ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅអារ៉ាប់ប៊ីសាអូឌីតនេះ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ ក៏គ្រោងនឹងអញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការឥស្លាម (OIC) និងអតីតនាយកនៃនាយដ្ឋានសហគមន៍មូស្លិមភាគតិចរបស់អង្គការ (OIC) ថ្នាក់ដឹកនាំ ធនាគារអភិវឌ្ឈន៍ឥស្លាម (IDB) ប្រធានមូលនិធិសាមគ្គីឥស្លាម (ISF) និងជំនួបជាមួយភាគីក្រសួងសំខាន់នានាទៀត។
បន្ទាប់ពីបញ្ចប់បេសកកម្មនៅអារ៉ាប៊ីសាអូឌីត នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨ ទេសរដ្ឋមន្រ្តី អូស្មាន ហាស្សាន់ នឹងបន្តដំណើរទៅកាន់ប្រទេសទួរគី ដើម្បីចូលរួមអមដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅប្រទេសទួរគី ដែលនឹងធ្វើឡើងពីថ្ងៃទី២០-២១ ខែតុលា ឆ្នាំ២០១៨ រួចបន្តដំណើរជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសស្វីស ក្នុងកិច្ចប្រជុំកំពូល អ្នកដឹកនាំវិនិយោគសាកល នៃវេទិកាវិនិយោគពិភពលោកឆ្នាំ២០១៨ របស់សន្និសីទសហប្រជាជាតិស្តីពីពាណិជ្ជកម្ម និងការអភិវឌ្ឍន៍ ដែលនឹងប្រព្រឹត្តិទៅពីថ្ងៃទី២២-២៤ ខែតុលា ឆ្នាំ២០១៨៕