(រ៉ង់ហ្គូន)៖ អាកាសយានិកពីរនាក់ និងសិស្សសាលាម្នាក់បានបាត់បង់ជីវិត ក្រោយពីយន្តហោះចម្បាំងពីរគ្រឿង បានធ្លាក់នៅភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការដកស្រង់ការផ្សាយចេញពី ទីភ្នាក់ងារព័ត៌មានចិន ស៉ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១៦ ខែតុលា ឆ្នាំ២០១៨។
បើតាមទ័ពអាកាសមីយ៉ាន់ម៉ា យន្តហោះខាងលើជាប្រភេទយន្តហោះចម្បាំង ដែលបានធ្លាក់នៅក្រុង ម៊ីនប៊ូ (Minbu) ជាមួយគ្នាក្នុងតំបន់ ម៉ាកវ៉ាយ (Magway) ភាគកណ្តាលប្រទេស។ ខណៈអាកាសយានិករបស់យន្តហោះទាំងពីរបានស្លាប់ ដោយសារហេតុការណ៍នេះ ក្មេងស្រីជាសិស្សសាលាម្នាក់ដែលនៅផ្ទាល់ដី ក៏បានបាត់បង់ជីវិតផងដែរ ដោយសារតែបំណែកយន្តហោះខ្ទាតចំ។
គួរជម្រាបថា បើតាមសេចក្តីរាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុករបស់មីយ៉ាន់ម៉ា យន្តហោះចម្បាំងមួយគ្រឿងនៅពេលព្យាយាមចុះចតនៅព្រលានយន្តហោះក្នុងតំបន់កើតហេតុ បានជ្រុលទៅបុកជាមួយបង្គោលភ្លើង ហើយស្លាបរបស់ក៏ទាក់ជាមួយស្លាបយន្តហោះចម្បាំងមួយគ្រឿងទៀត ទើបធ្វើឲ្យធ្លាក់បុកដីជាមួយគ្នាតែម្តង ខណៈមានការលើកឡើងមួយផ្សេងទៀតថា យន្តហោះមួយគ្រឿងក្នុងចំណោមនោះ បានជ្រុលទៅបុកបង្គោលអង់តែនទូរស័ព្ទ ឬក៏អាចធ្លាក់ដោយសារចង់គេចកុំឲ្យបុកបង្គោលនោះ៕