(ភ្នំពេញ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គកិច្ច អតីតយុទ្ធជន និង យុវនិតិសម្បទា នៅថ្ងៃទី១៦ខែ តុលាឍ ឆ្នាំ២០១៨នេះ បានជំរុញឲ្យសាធារណជន ងាកមកសិក្សាភាសាសញ្ញាបន្ថែម ដើម្បីអាចទំនាក់ទំនងល្អនៅក្នុងសកម្មភាពប្រចាំថ្ងៃ ជាមួយមនុស្សគ-ថ្លង់។
លោក វង សូត បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំស្នើសុំឲ្យគ្រប់អ្នកពាក់ព័ន្ធទាំងអស់ត្រូវលើកទឹកចិត្ត ជំរុញការសិក្សាភាសាសញ្ញា ដល់ក្រុមគ្រួសារ មិត្តភក្តិ មិត្តរួមអាជីពដើម្បីមនុស្សគថ្លង់អាចទំនាក់ទំនងល្អនៅក្នុងសកម្មភាពប្រចាំថ្ងៃរបស់ពួកគេផងដែរ»។
រដ្ឋមន្រ្តីក្រសួងសង្គមកិច្ចបានលើកឡើងបែបនេះខណៈ លោកអញ្ជើញចូលរួមនៅក្នុង «ទិវាមនុស្សគ-ថ្លង់» រៀបចំឡើងនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះក្រោមប្រធានបទ ដាក់បញ្ចូលភាសាសញ្ញា គឺដើម្បីមនុស្សគ្រប់គ្នាប្រើបាន ។
រដ្ឋមន្រ្តី វង សូត លើកឡើងថា «ទិវាមនុស្សគ-ថ្លង់» ប្រារព្ធឡើងនៅក្នុងគោលបំណងជំរុញនិងលើកកម្ពស់ និងបញ្ជៀបសិទ្ធិសេរីភាពមនុស្សគថ្លង់ពិតក្នុងសង្គមមួយដែលគ្មានឧបសគ្គ និងការអើសអើង។
ដោយឡែកប្រធានបទនៅក្នុងឆ្នាំនេះ គឺផ្ដោតសំខាន់ទៅលើការធ្វើបរិយាបន្នភាសាសញ្ញា ក្នុងគោលបំណងលើកទឹកចិត្តឲ្យមនុស្សគ្រប់រូប យកចិត្ដទុកដាក់ទៅលើការប្រើប្រាស់ភាសាសញ្ញា ទាំងនៅក្នុងទំនាក់ទំនងគ្រួសារមនុស្សគរថ្លង់សហគមន៍ និងតាមប្រព័ន្ធផ្សព្វផ្សាយជាពិសេស គឺស្ថានីយទូរទស្សន៍រដ្ឋ និងឯកជន ដើម្បីឲ្យមនុស្សគរថ្លង់ទទួលបានព័ត៌មាន គ្រប់គ្រាន់ផងដែរ។
ជាមួយគ្នានោះ រដ្ឋមន្រ្តី វង សូត បានបន្ថែមថា ក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានបង្កើតវិទ្យាស្ថានជាតិសង្គមកិច្ច ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្ស ឲ្យមានចំណេះដឹងទៅលើវិស័យសង្គមកិច្ច ការងារការស្ដារលទ្ធភាពពលកម្មកាយសម្បទា និងរណបនៅក្នុងទិសដៅផ្ដល់សេវា ដល់ជនពិការរបស់យើង សុទ្ធតែបានលក្ខណៈបច្ចេកទេស និងវិជ្ជាជីវៈត្រឹមត្រូវផងដែរ។
លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានឲ្យដឹងថា តាមរយៈការអនុវត្តច្បាប់ ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនមានពិការភាព អនុសញ្ញា ស្តីពីជនមានពិការភាព ពិសេសផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការភាព និងលិខិតបដ្ឋានគតិយុទ្ធផ្សេងៗ ឃើញថា ជនមានពិការភាពនៅកម្ពុជា ទទួលបានសិទ្ធិពេញលេញ ការរើសអើងចំពោះជនមានពិការភាព ក៏ត្រូវបានកាត់បន្ថយគួរឲ្យកត់សំគាល់។
ជាក់ស្តែងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានធ្វើឲ្យជនមានពិការភាព ទទួលបានការអប់រំប្រកបដោយគុណភាព ការព្យាបាលជំងឺដោយរដ្ឋ និងរណបដោយឥតគិតថ្លៃ ការប្រើប្រាស់របបគោលនយោបាយដល់ជនមានពិការភាពក្រីក្រ នៅតាមសហគមន៍ និងជួយឧបត្ថម្ភគាំទ្រ ក្នុងរូបភាពជាច្រើនថែមទៀត៕