(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យប្រុសស្រី០៨នាក់ ទៅតុលាការដើម្បីផ្តន្ទាទោស ពាក់ព័ន្ធករណីគ្រឿងញៀន និងថ្នាំក្រាមពណ៌សថ្លា០៤កញ្ចប់ (ប្រភេទម៉ាទឹកកក)។
ពួកគេទាំង០៨នាក់នេះ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ និងខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ ក្នុងភូមិសាស្រ្តខណ្ឌរៀងៗ នៃរាជធានីភ្នំពេញ។
ជនសង្ស័យប្រុសស្រីទាំង ០៨នាក់នេះ រួមមាន៖ ទី១៖ឈ្មោះ សុខ ស៊ាង អាយុ២៥ឆ្នាំ, ទី២៖ឈ្មោះ អ៊ី ជីឃាង អាយុ១៩ឆ្នាំ, ទី៣៖ឈ្មោះ មាន ផាន់ណេត អាយុ២៨ឆ្នាំ, ទី៤៖ឈ្មោះ ពូន ស្រីឡែន ភេទស្រី អាយុ២៧ឆ្នាំ, ទី៥៖ឈ្មោះ វ៉ាន់ ផល្លី អាយុ២៨ឆ្នាំ, ទី៦៖ឈ្មោះ ឡៃ ចាន់ដារ៉ា អាយុ២៧ឆ្នាំ, ទី៧៖ឈ្មោះ ហែល ស្រីតី ភេទស្រី អាយុ២៧ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនបានកាលពីវេលាម៉ោង១១៖៣០នាទី ចំណុចបន្ទប់ជួលលេខ២B ជាន់ទី១ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធ៏សែនជ័យ រាជធានីភ្នំពេញ។
ទី៨៖ឈ្មោះ ជួប ចេក អាយុ៣៦ឆ្នាំ ត្រូវបានកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌជ្រោយចង្វារ ឃាត់ខ្លួនបានកាលពីវេលាម៉ោង០៩៖២០នាទី ចំណុចស្ពានលីយ៉ុងផាត់ ភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ក្រោមការសាកសួររបស់សមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ ពួកគេទាំង០៨នាក់ខាងលើ បានសារភាពថា ពិតជាជាប់ពាក់ព័ន្ធករណីគ្រឿងញៀនប្រាកដមែន ទើបសមត្ថកិច្ចអាវុធហត្ថបានកសាងសុំណុំរឿង និងប្រមូលវត្ថុតាងបញ្ជូនពួកគេទៅតុលាការដើម្បីចាត់ការតាមច្បាប់៕