(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការសាងសង់ វិមានឈ្នះ-ឈ្នះ បានបានលើកឡើងថា នៅក្នុងឱកាសពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងអបអរសាទរ ខួបលើកទី២០ នៃទិវាឈ្នះ-ឈ្នះ រាជរដ្ឋាភិបាល នឹងបើកទូលាយឱ្យប្រជាពលរដ្ឋ ភ្ញៀវជាតិ និងអន្តរជាតិ ចូលរួមទស្សនាដោយសេរី ដើម្បីពួកគាត់បានមើលឃើញពីតម្លៃនៃវិមានឈ្នះ-ឈ្នះ។
ការលើកឡើងរបស់សម្តេចពិជ័យសេនា បានធ្វើឡើងនាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែលសម្តេចពិជ័យសេនា ដឹកនាំគណៈកម្មការអន្ដរក្រសួង បើកកិច្ចប្រជុំស្តីពី «ការត្រៀមរៀបចំ ពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃទិវាឈ្នះ-ឈ្នះ» នៃការបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា និងការអនុវត្ដប្រកបដោយជោគជ័យ នយោបាយឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងថា ការបើកកិច្ចប្រជុំនៅពេលនេះ គឺបានសម្រេចបង្កើតអនុគណៈកម្មការនានា ដើម្បីទទួលកិច្ចការជាក់ស្តែង ដែលត្រូវធ្វើនៅថ្ងៃទី២៩, ៣០, ខែធ្នូ ឆ្នាំ២០១៨ខាងមុខនេះ និងបន្តធ្វើកិច្ចការរបស់ខ្លួន ក្រោមការសម្របសម្រួល របស់លេខាធិការ ដែលបានរៀបចំហើយនៅពេលនេះ។ កិច្ចការជាក់ស្តែង គឺមានច្រើនណាស់ ការរៀបចំចូលរួមក្នុងពិធីតាំងពីការចាប់ផ្តើមរហូតដល់បញ្ចប់ មានពិធីកំសាន្តធ្វើយ៉ាងណា ដើម្បីសម្តែងការអបអរសាទរ ចំពោះវិមានឈ្នះ-ឈ្នះ និងបើកឱ្យមានការចូលទស្សនាវិមានឈ្នះ-ឈ្នះ។
សម្តចពិជ័យសេនាបានបន្តថា ក្នុងពេលនោះដែរ នឹងបើកឱ្យមានការតាំងពិព័រណ៍ឱ្យបានធំ ដើម្បីបញ្ជាក់ពីអ្វីគ្រប់យ៉ាង ដែលទទួលបានពីវិមានឈ្នះ-ឈ្នះ ដែលមានរយៈពេល២០ឆ្នាំ របស់ស្ថាប័នរាជធានីខេត្តរៀងៗខ្លួន ដើម្បីយកមកសម្តែង មកតាំងនៅវិមានឈ្នះ-ឈ្នះ។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា នៅក្នុងពិធីសម្ពោធវិមានអនុស្សាវរីយ៍ នយោបាយឈ្នះ-ឈ្នះ និងអបអរសាទរខួបលើកទី២០ នៃទិវាឈ្នះ-ឈ្នះនេះដែរ នឹងបើកទូលាយឱ្យភ្ញៀវជាតិ និងអន្តរជាតិគ្រប់ទីកន្លែងទាំងអស់ ដើម្បីមកចូលរួមឱ្យបានច្រើនកុះករ ដើម្បីបង្ហាញឱ្យឃើញពីតម្លៃ នៃនយោបាយឈ្នះ-ឈ្នះ ដែលវាមានវិសាលភាពធំធេង ដែលអាចនិយាយបានថា វាពិបាករកខ្លាំងណាស់ ប៉ុន្តែប្រទេសយើង អាចរកបានជោគជ័យដ៏ត្រចះត្រចង់។ យើងនឹងបើកបង្ហាញឱ្យឃើញពីជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះនេះ ទាំងអស់គ្នាតែម្តង៕