(កំពង់ចាម)៖ លោក មួន វាសនា ទីប្រឹក្សាសម្តេចពញាចក្រី ហេង សំរិន និងជាសាកលវិទ្យាការរង នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច បានឲ្យដឹង នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះថា ប្រតិភូសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច UME បានចុះហត្ថលេខាជាមួយវិទ្យាស្ថាន រ៉ាឆាផាក (Rajaprk Institute) នាទីក្រុងបាងកក ប្រទេសថៃរួចហើយ កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ បន្ទាប់ពីបានចុះទស្សនកិច្ចសិក្សា ដែលក្នុងកិច្ចព្រមព្រាងនោះ ពិតជាមានអត្ថប្រយោជន៍ច្រើន សម្រាប់ការផ្លាស់ប្តូរបទពិសោធន៍របស់និស្សិត ក៏ដូចជាសាស្ត្រាចារ្យ សម្រាប់ប្រទេសថៃ និងប្រទេសកម្ពុជា។
លោក មួន វាសនា បានបញ្ជាក់ថា លទ្ធផលនៃដំណើរទស្សនកិច្ចសិក្សាររបស់និស្សិត បុគ្គលិក សាស្ត្រាចារ្យចំនួន១១រូប ដឹកនាំដោយរូបលោកបានប្រព្រឹត្តិទៅ កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅសាកលវិទ្យាល័យអាស៊ីប៉ាស៊ីហ្វិកអន្តរជាតិ (Asia Pacific International University) នៅខេត្តស្រះបូរី ជាលទ្ធផល គណៈប្រតិភូបានសិក្សាស្វែងយល់ពីប្រព័ន្ធការគ្រប់គ្រងបណ្ណាល័យ ការបណ្តុះបណ្តាលអប់រំ ដែលប្រើប្រាស់ភាសា អង់គ្លេសជាគោល។
ក្នុងនោះក៏បានពិភាក្សាពីការបញ្ជូន បុគ្គលិក និស្សិតចំនួន៣០រូប របស់សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម ទៅធ្វើការផ្លាស់ប្តូរការសិក្សា ផ្លាស់ប្តូរ វប្បធម៌ និងប្រកួតកីទ្បាលក្ខណៈមិត្តភាព និងពិភាក្សាដើម្បីឈានទៅរកកិច្ចសហប្រតិបត្តិការ ជាមួយបណ្តាលសាកលវិទ្យាល័យផ្សេងៗ ថែមទៀតនៅប្រទេសថៃ។
សាកលវិទ្យាការរង លោក មួន វាសនា បានបន្ថែមថា លុះនៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ គណប្រតិភូយើង បានចុះហត្ថលេខាជាមួយវិទ្យាស្ថាន រ៉ាឆាផាក (Rajaprk Institute) នៅក្រុងបាងកក ប្រទេសថៃ ដែលក្នុងអនុស្សារណៈយោគយល់នោះ ក្នុងគោលបំណងដើម្ប ធ្វើកិច្ចសហប្រតិបត្តិការ ក្នុងការផ្លាស់ប្តូរការចុះកម្មសិក្សា ធ្វើទស្សនកិច្ចរវាងនិស្សិត បុគ្គលិក សាស្ត្រាចារ្យ ចូលរួមកិច្ចសហប្រតិបត្តិការអន្តរជាតិ លើកម្មវិធីសិក្សាធិការអប់រំ ចូលរួមកម្មវិធីកិច្ចសហប្រតិបត្តិការអន្តរជាតិលើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍន៍ ចូលរួមកម្មវិធីកិច្ចសហប្រតិបត្តិអន្តរជាតិការរៀបសិក្ខាសាលា សន្និសីទអន្តរជាតិ និងវគ្គបណ្តុះបណ្តាលផ្សេងៗ។
ជាមួយគ្នានោះដែរ គណៈគ្រប់គ្រងទាំងពីរក៏បានឯកភាពគ្នា ដែលខាងភាគីសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម បានបញ្ជូនសាស្ត្រាចារ្យ និងនិស្សិត២លើក សរុប២៥នាក់រួចមកហើយទៅ ធ្វើទស្សនកិច្ចសិក្សា និងចូលរួមសន្និសីទក្នុងឆ្នាំ២០១៨នេះ។ ចំណែកភាគីថៃ នឹងបញ្ជូនគណៈប្រតិភថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក និងនិស្សិតមកទស្សនកិច្ចកិច្ចសិក្សា ផ្លាស់ប្តូរវប្បធម៌ខ្មែរ-ថៃ និងដើម្បីចូលរួមសន្និសីទអន្តរជាតិ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ខាងមុខនេះ ដែលមានបណ្តាសាកលវិទ្យាល័យនានាជុំវិញពិភពលោកចូលរួម ដែលប្រទេសកម្ពុជា ធ្វើជាម្ចាស់ផ្ទះនឹងរៀបចំធ្វើនៅសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តកំពង់ចាម៕