(ស្វាយរៀង)៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាល និងនាំយកប័ណ្ណបេឡាសន្តិសុខសង្គម របស់សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនដល់សមាជិកអតីតយុទ្ធជនខេត្តស្វាយរៀង ចំនួន១៥២២នាក់។
ក្រោយពីបានស្តាប់នូវរបាយកាណ៍របស់ លោកឧត្តមសេនីយ៍ទោ កឹង ឃន ប្រធានសមាគមអតីតយុទ្ធជនខេត្តស្វាយរៀងរួចមក ទេសរដ្ឋមន្រ្តី គន់ គីម បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ជូនដល់បងប្អូនសមាជិក ព្រមទាំងបានបញ្ជាក់ថា ដោយការយកចិត្តទុកដាក់ និងគិតគូរខ្ពស់ របស់សម្តេច ចំពោះសមាជិកជាពិសេសការអនុវត្តនូវគោលនយោបាយគាំពារសង្គម ដែលសម្តេចបានប្រកាលនៅក្នុងយុទ្ធនាការឃោសនា រកសម្លេងឆ្នោតកន្លងមក ទើបថ្ងៃនេះសមាជិកទាំងអស់ទទួលបានប័ណ្ណបេឡាសន្តិសុខសង្គម សម្រាប់ការព្យាបាលជំងឺ ដោយមិនអស់លុយនៅតាមមន្ទីរពេទ្យ។
ទេសរដ្ឋមន្រ្តី អគ្គលេខាធិការ ក៏បានថ្លែងកោតសសើរ និងអរគុណចំពោះបងប្អូនទាំងអស់ ដែលបានទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជន រហូតទទួលបានអាសនៈនៅក្នុងរដ្ឋសភាទាំងស្រុង ហេតុនេះសូមឲ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ចំពោះបងប្អួនសមាជិកសមាគមអតីតយុទ្ធជននៅទូទាំងខេត្ត ខិតខំដោះស្រាយរាល់បញ្ហាប្រឈមជូនពួកគាត់ ឲ្យបានទាន់ពេលវេលា ឲ្យសមទៅនឹងការដែលពួកគាត់ បានបោះឆ្នោតផ្តល់ការជឿទុកចិត្តចំពោះគណបក្សប្រជាជន។
សូមបញ្ជាក់ថា កន្លងមកសមាគមអតីតយុទ្ធជន ដែលមានជីវភាពលំបាកត្រូវបានទទួល ផ្ទះ២០១ខ្នង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ដោយឡែកថ្ងៃនេះ តាមសំណើរបស់សមាគមខេត្ត ទេសរដ្ឋមន្រ្តី គន់ គីម បានគោរពស្នើសុំសម្តេចតេជោ និងត្រូវបានសម្តេចអនុញ្ញាតឲ្យសាងសង់ផ្ទះជូនអ្នកមានជីវភាពលំបាក៤០ខ្នង និងសូមឲ្យថ្នាក់ដឹកនាំ ស អ ក ខេត្ត តាមរយៈលោកអភិបាលខេត្ត ស្នើសុំដីបម្រុងរបស់រដ្ឋ និងសុំផ្ទះបន្ថែមពីសម្តេចតេជោ ហ៊ុន សែន ជូនអ្នកដែលអត់ដីអត់ផ្ទះបន្តទៀត។
ជាមួយគ្នានោះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានលើកសរសើរ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមរបស់លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង ដែលលើកគោលការណ៍ឲ្យតាមមន្ទីរជុំវិញខេត្ត ជួយឧបត្ថម្ភតាមគ្រួសារអតីតយុទ្ធជនយើង ដែលបានទទួលផ្ទះអំណោយពីសម្តេចតេជោ ទាំង២០០គ្រួសារ នៅភូមិជីកដី ឃុំអណ្តូងត្របែក ស្រុករមាសហែក ក្នុងស្ថានភាពដែលបងប្អូន ទើបនឹងមករស់នៅកន្លែងថ្មីមិនទាន់មានលំនឹង៕