(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំត្រួតពិនិត្យពីវឌ្ឍនភាព នៃការរៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨ នៅទន្លេវ៉ៃគោ ក្រុងស្វាយរៀង ខេត្តស្វាយរៀង នាសាលប្រជុំសាលាខេត្តស្វាយរៀង។
កិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាព តំណាងកងកម្លាំងទាំងបី អភិបាលក្រុង ស្រុក នាយកទីចាត់ការ ចំណុះសាលាខេត្ត ព្រមទាំងអស់លោក លោកស្រី ដែលជាសមាជិក សមាជិកា គណៈកម្មាការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូក សរុបចំនួន ៣៨រូប ។
លោកអភិបាលខេត្ត បានថ្លែងនូវការអរគុណចំពោះការខិតខំអនុវត្តការងារ ពីគ្រប់សមាភាពពាក់ព័ន្ធទាំងអស់ក្នុងកិច្ចគាំទ្រដល់ដំណើរការ រៀបចំពិធីប្រណាំងទូកឆ្នាំ២០១៨នេះ ហើយលោក ក៏បានណែនាំដល់អនុគណៈកម្មការទាំងអស់បន្ទាប់ពីកិច្ចប្រជុំនៅថ្ងៃនេះ ត្រូវបន្តសហការចាត់ចែង និងអនុវត្តតួនាទីភារកិច្ចដែលមានកំណត់ ក្នុងសេចក្ដីសម្រេចរបស់រដ្ឋបាលខេត្ត ឱ្យទទួលបានលទ្ធផលល្អថែមទៀត ជាពិសេសរាល់កិច្ចការដែលនៅសេសសល់ ឱ្យបានរួចរាល់ជាស្ថាពរ មុនពិធីប្រណាំងទូកផ្លូវការចាប់ផ្ដើម ដើម្បីឱ្យពិធីប្រណាំងទូកឆ្នាំនេះ ប្រព្រឹត្តដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមការគ្រោងទុក។
សូមបញ្ជាក់ថា កិច្ចប្រជុំនេះបានកំណត់យកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ខាងមុខ សម្រាប់ការប្រារព្ធពិធីប្រណាំងទូកសាកល្បងផងដែរ៕