(ភ្នំពេញ)៖ គណបក្សប្រជាជនកម្ពុជា តាមរយៈលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចមួយនេះ នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ បានចាត់ទុកថា ការអនុញ្ញាតឱ្យទណ្ឌិត សម រង្សី មេចលនាក្រុមប្រឆាំង ចូលរួមប្រជុំនៅក្នុងវេទិកា សហភាពអន្តរសភា (IPU) គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យប្រជាជនកម្ពុជា និងបំពានលើឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងងងើលបំផុត។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ការដែលមានអ្នកអនុញ្ញាតឲ្យទណ្ឌិត សម រង្សី ចូលប្រជុំនៅក្នុងវេទិកា IPU គឺជាការរំលោភសិទ្ធិប្រជាធិបតេយ្យរបស់ប្រជាជនកម្ពុជា និងគឺជាការបំពានលើឯករាជ្យ និងអធិបតេយ្យភាពជាតិកម្ពុជាយ៉ាងងងើល ព្រមទាំងរំលោភច្បាប់អន្តរជាតិ ដែលប្រធានប្រជុំIPU ត្រូវទទួលខុសត្រូវទាំងស្រុងលើតួនាទីលំអៀងនយោបាយរបស់ខ្លួន ដោយគ្មានការខ្មាស់អៀន»។
សហភាពអន្តរសភា បានបើកមហាសន្និបាតលើកទី១៣៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨។ តបតាមការអញ្ជើញរបស់ លោកស្រី ហ្គាប្រីឡា គូវ៉ាស បារ៉ុន (Gabriela Cuevas Barron) ប្រធានសហភាពអន្តរសភា (IPU), លោកស្រី ឃួន សុដារី អនុប្រធានទី២ រដ្ឋសភាកម្ពុជា តំណាងឱ្យសភាកម្ពុជា បានដឹកនាំគណៈប្រតិភូ ដើម្បីចូលរួមមហាសន្និបាតនេះ។
ជាមួយគ្នានេះ លោក សម រង្ស៊ី អតីតប្រធានគណបក្សប្រឆាំងនៅកម្ពុជា ក៏បានបង្ហាញវត្តមាននៅនោះដែរ ហើយអះអាងថា លោកត្រូវបានប្រធានសហភាពអន្តរសភា IPU អញ្ជើញឲ្យចូលរួមក្នុងមហាសន្និបាតនេះដែរ។
លោក សុខ ឥសាន បានអះអាងថា រហូតមកដល់ពេលនេះ ទណ្ឌិតសម រង្សី គ្មានតួនាទីអ្វីដល់តិចតួច ក្នុងការមានមុខចូលប្រជុំនៅលើវេទិកានានាជាថ្នាក់អន្តរជាតិ ពីព្រោះទណ្ឌិតសម រង្សី មិនមែនជាតំណាងប្រជាជនកម្ពុជាឡើយ។ ទណ្ឌិតសម រង្សី គ្រាន់តែជាជនក្បត់ជាតិខ្មែរ និងជាជនពនេចរគ្មានស្រុកទេសនិងជាជាអាយ៉ងដាច់ថ្លៃរបស់ពួកបរទេសចក្រព័ត្រអនត្តរភាពនិយអន្តរជាតិតែប៉ុណ្ណោះ។
បើតាម លោក សុខ ឥសាន, គណបក្សប្រជាជនកម្ពុជា គឺបានគាំទ្រយ៉ាងពេញទំហឹងចំពោះការតវ៉ាដ៏មឺុងម៉ាត់ របស់គណៈប្រតិភូសភាកម្ពុជា ដែលបានទៅចូលរួមប្រជុំជាផ្លូវការក្នុងអង្គប្រជុំ IPU ក្នុងនាមជាតំណាងស្របច្បាប់របស់ប្រជាជនកម្ពុជា ហើយសូមថ្កោលទោសយ៉ាងដាច់អហង្ការចំពោះអាកប្បកិរិយាល្មើសច្បាប់ របស់ជនលំអៀងខាងនយោបាយ និងមនោគមន៍វិជ្ជាអន្តរជាតិ៕