(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការសាងសង់ វិមានឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨នេះ បានដឹកនាំសមាសភាពរបស់គណៈកម្មការអន្ដរក្រសួង បើកកិច្ចប្រជុំ ស្តីពី «ការតៀមរៀបចំ ពិធីសម្ពោធវិមានអនុស្សាវរីយ៍នយោបាយឈ្នះ-ឈ្នះ និងអបអរសាទរ ខួបលើកទី២០ នៃទិវាឈ្នះ-ឈ្នះ» នៃការបញ្ចប់សង្គ្រាមស៊ីវិល នៅកម្ពុជា និងការអនុវត្ដប្រកបដោយជោគជ័យ នយោបាយឈ្នះ ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន។
កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីតំណាងអន្តរក្រសួងពាក់ព័ន្ធ សមាជិកគណៈកម្មការសិក្សាស្រាវជ្រាវសាងសង់ វិមានឈ្នះ-ឈ្នះ យ៉ាងច្រើនកុះករ ដែលធ្វើឡើង នៅវិមានមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។
សូមជម្រាប វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹកតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ បាននិងកំពុងសាងសង់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕