(ភ្នំពេញ)៖ លោក អ៉ឹម វុត្ថា អ្នកនាំពាក្យនិយ័តករទូរគមនាគមន៍កម្ពុជា (TRC) បានព្យាករណ៍អំពីក្រុមហ៊ុនទូរស័ព្ទចល័តនៅកម្ពុជា ដែលបច្ចុប្បន្នមានក្រុមហ៊ុន៧ កំពុងប្រតិបត្តិការថា នាពេលអនាគត ក្រុមហ៊ុនទូរស័ព្ទចល័តទាំងនោះ អាចនៅសល់ត្រឹមតែ៣-៤ក្រុមហ៊ុនប៉ុណ្ណោះ។
លោកបញ្ជាក់ថា ការសល់ត្រឹមតែ៣-៤ក្រុមហ៊ុននេះ មិនមែនមានន័យថា ក្រុមហ៊ុនទាំងនោះក្ស័យធនទេ ប៉ុន្ដែអាចបណ្ដាលមកពីការបញ្ជូលគ្នា រវាងក្រុមហ៊ុនធំបញ្ជូលក្នុងក្រុមហ៊ុនតូចៗ ដើម្បីពង្រីកប្រតិបត្តិការរបស់ខ្លួនឲ្យកាន់តែខ្លាំងជាងមុន។
លោក អ៉ឹម វុត្ថា បានឲ្យដឹងថា បើប្រៀបធៀបទៅប៉ុន្មានឆ្នាំមុនឃើញថា ចំនួនក្រុមហ៊ុនទូរស័ព្ទចល័ត មានការថយចុះដោយខ្លះបានរួមគ្នា ជាក្រុមហ៊ុនតែមួយជាដើម ប៉ុន្ដែក្រៅពីការការបូកបញ្ចូលគ្នារវាងក្រុមហ៊ុន Smart Latelz បញ្ចូលគ្នាជាមួយ Hello Axiata ក្លាយជា Smart Axiata នៅចុងឆ្នាំ២០១២ ការដួលរំលំរបស់ក្រុមហ៊ុន Mfone នៅក្នុងឆ្នាំ២០១៣ ការផ្ទេររបស់ក្រុមហ៊ុន Beeline ទៅឱ្យក្រុមហ៊ុនមិត្តហ្វូនក្នុងឆ្នាំ២០១៥ និងការផ្តូរនាមករណ៍ពីក្រុមហ៊ុន GT-TELL ទៅជា Seatel ក្នុងឆ្នាំ២០១៤ មិនមានក្រុមហ៊ុនធ្វើការបូកបញ្ចូលគ្នា ឬផ្ទេរទៀតទេ។
លោកបញ្ជាក់ថា ការបញ្ជូលគ្នានេះ បានធ្វើឲ្យក្រុមហ៊ុនទទួលបាន សារសំខាន់ក្នុងការប្រមូលទុនព្រមទាំងធនធាន ដើម្បីបន្ដធ្វើការវិនិយោគលើបច្ចេកវិទ្យាថ្មី ព្រោះថាបច្ចុប្បន្ននេះមានបច្ចេកវិទ្យាថ្មីៗកើតឡើង និងត្រូវការទុនវិនិយោគ ដូច្នេះហើយបានជាក្រុមហ៊ុនតូចៗ មិនមានទុនច្រើនតែងតែរកគ្នាបញ្ជូលក្រុមហ៊ុនចូលគ្នា ដើម្បីទទួលបានទុនធំ។
លោកបន្ដទៀតថា មកដល់បច្ចុប្បន្ននេះកម្ពុជាមាន ក្រុមហ៊ុនទូរស័ព្ទចល័តនៅកម្ពុជាចំនួន៧ ក្នុងនោះមាន៣ធំ និងដើរតួខ្លាំងជាងគេនៅកម្ពុជា ចំណែកឯ៤ទៀត គឺជាក្រុមហ៊ុនតូចៗ។
លោកបន្ដទៀតថា «នៅពេលអនាគត ស្របជាមួយបច្ចេកទេសថ្មី និងមានទុនច្រើន ក្រុមហ៊ុនទាំងនោះអាចបញ្ជូលគ្នា។ ខ្ញុំអាចព្យាករណ៍ថា នាពេលអនាគត ក្រុមហ៊ុនទាំងនេះ អាចសល់ត្រឹមតែ៣ ឬ៤ក្រុមហ៊ុនប៉ុណ្ណោះ»។
ក្រុមហ៊ុនទូរស័ព្ទចល័តទាំង៧ ដែលកំពុងមានប្រតិបត្តិការនៅកម្ពុជារួមមាន៖ ក្រុមហ៊ុន Cellcard , ក្រុមហ៊ុន Metfone, ក្រុមហ៊ុន Smart Axiata, ក្រុមហ៊ុន CooTel, ក្រុមហ៊ុន qb, ក្រុមហ៊ុន seatel និងក្រុមហ៊ុន Kingtel។ គិតត្រឹមខែតុលា ឆ្នាំ២០១៨នេះ អ្នកប្រើប្រាស់ទូរស័ព្ទចល័តនៅកម្ពុជា មានចំនួនជិត២០លានស៊ីមកាត និងអ្នកប្រើប្រាស់អ៊ីនធើណិតចល័តមានប្រមាណ១២លាននាក់៕