(ភ្នំពេញ)៖ ជាមួយនឹងឈុតសម្លៀកបំពាក់ដ៏គួរឱ្យទាក់ទាញដាច់គេ បេក្ខនារីបវរកញ្ញាកម្ពុជា កញ្ញា ឌី លីកា កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់មជ្ឈដ្ឋានជាតិ-អន្តរជាតិ ពិសេសអ្នកប្រើប្រាស់បណ្ដាញសង្គម Facebook តាមរយៈការ Like និង Share ក្នុងកម្មវិធីប្រឡងបវរកញ្ញាអន្តរជាតិ ឬហៅថា Miss Grand International។
ឈុតសម្លៀកបំពាក់តំណាងជាតិកម្ពុជាដ៏ស្រស់សោភាដាច់គេនេះ គឺជាឈុតសម្លៀកបំពាក់របស់ទេពីក្នុងវប្បធម៌ខ្មែរនាសម័យចេនឡា ត្រូវបានប្រសិទ្ធនាមថា «ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ»។
បើតាមលោក មែ វិចិត្របុត្រ នាយកចាត់ការទូទៅនៃក្រុមហ៊ុន Attract advertising បានបញ្ជាក់ថា មូលហេតុដែលគណៈកម្មការរៀបចំ បានរៀបចំឈុតតំណាងជាតិយ៉ាងដូច្នេះ គឺដើម្បីរំឭកនូវគុណូបការៈរបស់បុព្វបុរសខ្មែរ ដែលបានលះបង់ និងការពារថែរក្សាព្រះនគរខ្មែរមួយនេះសម្រាប់កូនខ្មែរបានរស់នៅ។ ម្យ៉ាងទៀត ក៏ដើម្បីរំឭកគុណដល់ភាពរីកចម្រើននៃអរិយធម៌ វប្បធម៌ខ្មែរដ៏រុងរឿង នាសម័យចេនឡា និងភាពរួបរួមគ្នាដោយគិតពីប្រយោជន៍រាស្រ្ត និងព្រះនគរខ្មែរជាធំ។
ជាងនេះទៅទៀត គឺចង់បង្ហាញដល់កូនខ្មែរជំនាន់ក្រោយឱ្យចេះថែរក្សាការពារ ស្រាវជ្រាវអំពីដើមកំណើត និងអរិយធម៌ជាតិរបស់ខ្លួនពិតៗ កុំឱ្យជនបរទេសមកកាឡៃបានថា យើងចម្លងពីគេបាននោះ និងចង់ដាស់សតិដល់អ្នករចនាម៉ូតជំនាន់ក្រោយ ឱ្យជួយថែរក្សានូវទម្រង់ដើមនៃការរៀបចំខ្លួនទាំងសម្លៀកបំពាក់ និងគ្រឿងអលង្ការដើម ក្នុងនាមជាបុគ្គលមួយរូបដែលបន្តថែរក្សា និងលើកស្ទួយមរតកកេរដំណែលដ៏មានតម្លៃមិនអាចកាត់បាននេះ។
គណៈកម្មការបានសម្រេចវិនិច្ឆ័យ និងអនុម័តទទួលយកមកជាឈុតសម្លៀកបំពាក់តំណាងជាតិនេះ ដោយឈរលើមូលដ្ឋាននៃការចូលរួមផ្សព្វផ្សាយនូវអត្តសញ្ញាណជាតិ ភាពល្បីល្បាញនៃវប្បធម៌ និងខឿនប្រពៃណីទំនៀមទម្លាប់ដ៏ខ្ពង់ខ្ពស់ ដែលមានជាច្រើនសម័យកាល ថែមទាំងទទួលបាននូវភាពរុងរឿង។
សម័យចេនឡា ក៏ជាសម័យកាលមួយនៃខឿនវប្បធម៌ដ៏ចំណាស់ និងសម្បូរបែប និងជាមរតកតំណសម្រាប់កម្ពុជាសម័យក្រោយៗទៀត ក៏បាននឹងបន្តមកដល់សម័យពេលបច្ចុប្បន្ននេះជាដើម ពុំមែនមានត្រឹមតែសម័យអង្គរ ឬក្រោយអង្គរនោះឡើយ។
ឈុតទេពីស្រ៊ីសួគ៌បវរឥសានបុរៈនេះ ត្រូវបានបញ្ចូលគ្នានូវទម្រង់នៃទេវធីតា និងទម្រង់នៃការគ្រងព្រះភូសាមាលានៃខត្តិយកញ្ញា នាសម័យចេនឡា ដោយស្របតាមតឹកតាងដែលបានមកពីរូបចម្លាក់ និងចម្លាក់នៅតាមជញ្ជាំងប្រាសាទ ក៏ដូចតឹកតាងនានាបានមកពីកំណាយ ដែលជាមរតកដ៏មានតម្លៃពុំអាចកាត់ថ្លៃបាននោះ (ក្នុងនោះយើងខិតខំព្យាយាមចម្លងម៉ូត ដោយរក្សាឱ្យបានស្រដៀងតាមទម្រង់ដើមច្រើនបំផុតតាមដែលអាច និងខិតខំធ្វើទៅបាន)។ ក្នុងដៃរបស់បេក្ខនារីបវរកញ្ញាកម្ពុជា (Miss Grand Cambodia 2018) កញ្ញា ឌី លីកា មានកាន់ឈើកង្វេដំរី បញ្ជាក់នូវការបន្តវេននៃអាណាចក្រភ្នំ និងបញ្ជាក់នូវភាពសម្បូររុងរឿងក្នុងអាណាចក្រដែលសម្បូរដោយសត្វដំរី (គជសារភូមិ)។
សម្លៀកបំពាក់តំណាងជាតិ ដែលគ្រងលើខ្លួនបេក្ខនារីបវរកញ្ញាកម្ពុជា បានទទួលការឧបត្ថម្ភគាំទ្រ និងរចនាម៉ូតពីសំណាក់លោកសាស្រ្តចារ្យ ចាន់ សោភ័ន ជាសាស្រ្តចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃមហាវិទ្យល័យសិល្បៈសូនរូប។
សូមជម្រាបថា ក្រុមហ៊ុន Attract advertising ដែលជាក្រុមហ៊ុនរៀបចំដឹកនាំបេក្ខនារីកម្ពុជាទៅប្រកួតក្នុងកម្មវិធី Miss Grand International៕