(ភ្នំពេញ)៖ លោក ស៊ិន វិសាល ដែលជាកូនប្រុសបង្កើត និងជាទាយាទត្រូវទទួលមរតករបស់សព លោក ស៊ិន សុង អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម័យរដ្ឋកម្ពុជា បានសម្ដែងការព្រួយបារម្ភថា ខ្លួនកំពុងប្រឈមអត់ផ្ទះរស់នៅជាមួយប្រពន្ធ និងកូន ខណៈផ្ទះកេររបស់ឪពុកដែលខ្លួ នកំពុងរស់នៅរាល់ថ្ងៃត្រូវបានម្ដាយ និងកូនចុងរបស់ ឪពុកខ្លួនយកទៅដាក់បញ្ចាំធនាគារ មិនអោយខ្លួនដឹងរហូតដល់ធនាគារ ប្ដឹងទាមទាររឹបអូសយកផ្ទះនេះដើម្បីទូទាត់សំណង និងការប្រាក់ រួមទាំងប្រាក់ពិន័យគុណធ្វេរដ៏ច្រើនលើសលប់។
លោក ស៊ិន វិសាល បានអះអាងប្រាប់ Fresh News ដើម្បីជួយផ្សព្វផ្សាយប្រយោជន៍សុំអន្តរាគមន៍ និងសម្របសម្រួលក្រៅផ្លូវច្បាប់ពីថ្នាក់ដឹកនាំ ធ្វើយ៉ាងណាកុំអោយខាងធនាគារ នៅតែព្យាយាមរឹបអូសយកផ្ទះកេរឪពុករបស់ខ្លួន ទៅកាត់កងជាមួយបំណុលដែលម្ដាយ និងកូនដើមរបស់គាត់ ខ្ចីដោយលោកសុខចិត្តខ្ចីលុយគេយកទៅសងធនាគារ ក្នុងកិច្ចសម្របសម្រួលក្រៅផ្លូវការណាមួយជាថ្នូរវិញ។
លោក ស៊ិន វិសាល បានអះអាងថា ក្រោយឪពុករបស់លោកស្លាប់ គាត់បានបន្សល់ទុកនូវកេរមរតកជាច្រើន ដែលរួមមានផ្ទះដែលលោកកំពុងរស់នៅសព្វថ្ងៃ គឺផ្ទះលេខ១១ ផ្លូវលេខ៤៦៦ កែងលេខ៦៣ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដែលប្លង់កំពុងដាក់បញ្ចាំនៅធនាគារ។ ដីទីកន្លែងកប់សពរបស់ឪពុកលោកនៅកៀនស្វាយ ដែលបច្ចុប្បន្នត្រូវខាងធនាគាររឹបអូសយក ដោយទុកតែដីផ្នូរតូចមួយ ដីនៅច្រាំងចំរេះ ដីនៅក្រុងព្រះសីហនុ(ភ្នំ៩៦) និងដីជាច្រើនទៀត។ ក្រោយមកត្រូវម្ដាយ របស់លោកឈ្មោះ ឡុង សាខន និងកូនស្រីដើមរបស់ គាត់ឈ្មោះសុិន សុថាវី លួចយកទៅបញ្ចាំនៅធនាគារ ដោយមិនអោយរូបគាត់ដែលជាកូនបង្កើត និងជាអ្នកទទួលកេរមរតកដឹងនោះឡើយ។
ក្នុងនោះ ផ្ទះដែលលោក កំពុងរស់នៅសព្វថ្ងៃ គឺផ្ទះលេខ១១ ផ្លូវលេខ៤៦៦ កែងលេខ៦៣ សង្កាត់ទន្លេបាសាក់ រួមជាមួយដីជាង ១២ហិកតា នៅចំណោតរាម ដីជិត១,៧ហិកតា នៅសង្កាត់ច្រាំងចំរេះ ដីជាង៧ហិកតា នៅស្រុកកៀនស្វាយ(ដីផ្នូរ) និងដីជាច្រើនកន្លែងទៀតនៅក្រុងព្រះសីហនុ ត្រូវបានម្ដាយ និងកូនដើមគាត់យកទៅបញ្ចាំធនាគារកាលពីឆ្នាំ២០១២ចំនួន ៦លានដុល្លារ ដោយមានអត្រាការប្រាក់ចំនួន ១៣.២ភាគរយប្រចាំឆ្នាំ។
បច្ចុប្បន្នខាងធនាគារបានប្ដឹងទៅតុលាការទាមទារប្រាក់ដើម ការប្រាក់ និងប្រាក់ពិន័យរហូតសាល ក្រមចូលស្ថាពរបើតាមការអះអាង ពីខាងធនាគារទំហ៊ំទឹកប្រាក់ដែលត្រូវសងតាមអំណាចសាលក្រម គឺមានរហូតដល់ទៅជាង១៥លានដុល្លារឯណោះ។ ក្នុងនោះរូបលោក និងខាងធនាគារ បានជួបពិភាក្សាគ្នាចំនួន២ដងរួចមកហើយ តែមិនមានលទ្ធផល ព្រោះតែខាងលោកចង់យកដី ដែលដាក់បញ្ចាំលក់ដើម្បីយកប្រាក់សងដោយលោកមិនព្រមអោយរឹបអូសផ្ទះកេរ ដែលលោកកំពុងរស់នៅសព្វថ្ងៃនោះទេ តែខាងធនាគារ គេមានបំណងរឹបអូសយកផ្ទះជាថ្នូរសំណងតែម្ដង។
ដោយសារតែការចរចាសម្របសម្រួល គ្នាមិនអាចដោះស្រាយចេញ ហើយមានការព្រួយបារម្ភពីការប្រាក់ និងប្រាក់ពិន័យចេះតែកើនឡើង ដែលអាចនឹងឈានទៅដល់ការរឹបអូសផ្ទះកេរឪពុករបស់លោកនោះ ទើបលោកដែលជាទាយាទទទួលមរតកពីឪពុក គឺសពលោក ស៊ិន សុង សូមធ្វើការអំពាវនាវដល់ថ្នាក់ដឹកនាំ ជាពិសេសសម្ដេចតេជោហ៊ុន សែន មេត្តាជួយសម្របសម្រួល រកច្រកចេញណាមួយដើម្បីជៀសផុតពីការរឹបអូសយកផ្ទះដែលលោកកំពុងរស់នៅ បើទោះបីជាប្រាក់ដែលម្ដាយ និងកូនចុងឪពុកលោកជាអ្នកខ្ចីធនាគារ លោកមិនមែនជា អ្នកខ្ចីក៏ដោយ ក៏លោកនៅតែចេញមុខដោះស្រាយ ក្នុងកំរិតណាមួយធ្វើមិចកុំអោយតែរឹបអូសយកផ្ទះ។
ចំណែកអ្នកស្រី ឡុង សាខន ដែលជាអ្នកយកបណ្ណកម្មសិទ្ធិផ្ទះ និង ដីទៅដាក់បញ្ចាំយកលុយ ដូចជាមិនអើពើជួយដោះស្រាយនោះឡើយ ហាក់ដូចជាមានបំណង អោយខាងធនាគារធ្វើការរឹបអូសយកផ្ទះ និងដីជាថ្នូរសំណងទៅវិញ។
ពាក់ព័ន្ធព័ត៌មានអះអាងខាងលើ នៅរសៀលថ្ងៃនេះ អង្គភាពព័ត៌មាន Fresh News មិនអាចធ្វើការទាក់ទង ដើម្បីសុំការបំភ្លឺពីលោកស្រី ឡុង សាខន និងកូនស្រីឈ្មោះ ស៊ិន សុថាវី បាននោះទេ ព្រោះមិនអាចរកលេខទូរស័ព្ឌ សំរាប់ធ្វើការទាក់ទងបាន៕
រូបលោកសុិន សុង និងកូនប្រុសសុិន វិសាល