(ភ្នំពេញ)៖ បន្ទាប់ពីមើលឃើញពីផលលំបាក និងតម្រូវការរបស់ប្រជាកសិករ ក្រុមហ៊ុនអង្គរហ្រ្គីន ដែលជាក្រុមហ៊ុនផ្ដោតសំខាន់ លើផ្នែកសិកម្ម បានរួមគ្នារិះរកដំណោះស្រាយ ជូនដល់ប្រជាកសិករ ដោយបានសហការជាមួយអ្នកជំនាញវិស្វករឧស្សាហកម្ម និងមេកានិកកម្ពុជាម្នាក់ ផលិតម៉ាស៊ីនបាញ់ថ្នាំទំនើបបែបស្វ័យប្រវត្តិ ដែលផ្ដល់ភាពងាយស្រួល និងចំណាយតិចដល់ប្រជាកសិករ។
ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិនេះ ផលិតដោយបច្ចេកវិទ្យាទំនើបសតវត្សទី២១ ដែលបានកំពុងប្រើនៅតាមបណ្ដាប្រទេស ដែលមានវិស័យកសិកម្មជឿនលឿនលើពិភពលោក។ ឥឡូវនេះបច្ចេកវិទ្យានេះ បាន និងកំពុងផលិតឡើងដោយកូនខ្មែរ និងបានឆ្លងកាត់ការប្រើប្រាស់សាកល្បង និងទទួលបានជោគជ័យនៅកម្ពុជា។
លោក ហ៊ាង ធីរ៉ាដូ នាយកប្រតិបត្តិផ្នែកគ្រឿងយន្ដ និងបច្ចេកវិទ្យាទំនើប ក្រុមហ៊ុនអង្គរហ្គ្រីនឲ្យដឹងថា «កត្តាដែលជំរុញខ្ញុំឲ្យផលិតគ្រឿងយន្ដទំនើបនេះឡើង គឺ បន្ទាប់ពីខ្ញុំបានចូលសិក្សា នៅសាកលវិទ្យាល័យមួយ ក្នុងប្រទេសប៊ែលហ្ស៉ីក ដោយការសិក្សានៅទីនោះ ខ្ញុំមានឱកាសស្រាវជ្រាវជាមួយសំភារៈ និងឧបករណ៍ទំនើបៗ ដោយចុះអនុវត្តផ្ទាល់ និងធ្វើឲ្យមានគំនិត និងគោលដៅក្នុងការផលិតម៉ាស៊ីនបែបទំនើបនេះ នៅកម្ពុជានេះឯង»។
លោកបន្ដទៀតថា មួយវិញទៀត គឺដើម្បីជួយសម្រួល ដល់ប្រជាកសិក ក្នុងប្រទេសកម្ពុជា ដែលកំពុងជួបប្រទះបញ្ហាប្រឈម និងតម្រូវការចាំបាច់របស់ពួកគាត់។ ម៉ាស៊ីនេះ នឹងផ្ដល់ភាពងាយស្រួល ដល់ប្រជាពលរដ្ឋជាច្រើន ក្នុងនោះរួមមាន៖ ការចំណេញពេលវេលា ចំណេញថវិកា និងទទួលបានទិន្នផលច្រើន។
លោក កែវ សុផាន់ណារ៉ា នាយកប្រតិបត្តិគ្រឿងយន្ដកសិកម្មឲ្យដឹងថា ម៉ាស៊ីនបាញ់ថ្នាំបែបទំនើបនេះ នឹងជួយបង្កើនប្រសិទ្ធិភាពការងារ កាត់បន្ថយថ្លៃដើមក្នុងផលិតកម្ម តាមរយៈការបាញ់ថ្នាំប្រកបដោយប្រសិទ្ធភាព បាញ់ថ្នាំបានលឿន និងបានច្រើនហិកតា ក្នុងរយៈពេលខ្លី ព្រមទាំងរួមចំណែកក្នុងការកាត់បន្ថយ ការប្រើប្រាស់កម្លាំងពលកម្ម គ្រប់គ្រងការងារបាញ់ថ្នាំបានល្អត្រឹមត្រូវ និងទាន់វេលា។
លោកបន្ដទៀតថា លើសពីនេះ បានរួមចំណែកសន្សំសំចៃពេលវេលា រហូដល់៤ដងបើប្រៀបធៀប នឹងការប្រើប្រាស់កំលាំងពលកម្ម, សន្សំសំចៃថវិកាបាន៤០%, កាត់បន្ថយមហានិភ័យនៃការបាត់បង់ទិន្នផល ប្រមាណ៣០-៥០% ថែមទៀតផង។ មួយវិញទៀតម៉ាស៊ីននេះ មានសុវត្ថិភាពខ្ពស់ក្នុងការបាញថ្នាំ ដែលមិនប៉ះពាលសុខភាពអ្នកប្រើប្រាស់ និងមិនខ្ជះខ្ជាយទឹកថ្នាំដែលបាញ់។
សូមជម្រាបថា ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិនេះ អាចដំណើការដោយបំពាក់ជាមួយត្រាក់ទ័រ ដែលមានបង្វិលជុំ និងត្រាក់ទ័រកំលាំងចាប់ពី៣៥សេះឡើងទៅ ដោយបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើប ក្នុងការបញ្ជាឲ្យទឹកថ្នាំយកទៅចាក់ ជាមួយស្លឹករុក្ខជាតិដំណាំគ្រប់ទីកំបាំងផ្នែកខាងក្នុង និងខាងក្រៅស្លឹកដែលបង្កើនប្រសិទ្ធិភាពប្រើជី-ថ្នាំកសិកម្មបានខ្ពស់។
ម៉ាស៊ីនបាញ់ថ្នាំស្វ័យប្រវត្តិនេះ អាចប្រើប្រាស់ជាមួយដំណាំជាច្រើនមុខរួមមាន៖ ស្វាយ, ធុរេន, ចន្ទី, មៀន, តាង៉ែន, ដូង, ចេក, ម្រេច, ដូងប្រេង និងកៅស៊ូជាដើម៕