(ស្វីស)៖ គណៈប្រតិភូសភាកម្ពុជា ដែលដឹកនាំដោយលោកស្រី ឃួន សុដារី អនុប្រធានទី២ នៃរដ្ឋសភា កំពុងចូលរួមកិច្ចប្រជុំ ក្រុមប្រឹក្សាភិបាលលើកទី២០៣ និងមហាសន្និបាតលើកទី១៣៩ ដែលមានសមាជិកចូលរួមចំនួន១៣៥ប្រទេស មានប្រធានសភា មកពីប្រទេសចំនួន៥០ និងអនុប្រធានសភាចំនួន៤០ រួមទាំង សមាជិក សមាជិកាសភាចំនួន៧០០នាក់ ដោយមានសមាជិកសភាវ័យក្មេងចូលរួមចំនួន២០% និង៣៣% ទៀតជាសមាជិកសភាជាស្រ្តី។
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី២០៣ ផ្តោតទៅលើការពិនិត្យសមាជិកភាព ពិនិត្យស្ថានភាពហិរញ្ញវត្ថុ របាយការណ៍អំពីសកម្មភាពប្រធាន និងអគ្គលេខាធិការ សភា IPU ដែលបានសម្រេចរយៈពេល១ឆ្នាំរបស់អង្គការនេះ របាយការណ៍នៃកិច្ចប្រជុំដែលIPUបានរៀបចំ អំពីផែនការយុទ្ធសាស្រ្តIPU ២០១៧-២០២១ និងការរៀបចំកិច្ចប្រជុំនាពេលខាងមុខ ជាដើម។
នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ មហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា នឹងធ្វើការបោះឆ្នោតជ្រើសរើស ពីររបៀបវារៈបន្ទាន់មួយរបស់ខ្លួន ដែលក្នុងនោះមានសេចក្តីស្នើចំនួន៤៖
* ទី១៖ ទាក់ទង ការកសាងសន្តិភាព និងសន្តិសុខ នៅ Sahel
* ទី២៖ ទាក់ទងជនភៀសខ្លួនរបស់ប៉ាឡេស្ទីន
* ទី៣៖ ទាក់ទង ការប្រែប្រួលអាកាសធាតុ និង
* ទី៤៖ ទាក់ទងនឹងលទ្ធិប្រជាធិបតេយ្យ នៅវេណេហ្សូអេឡា។
ក្រោយបញ្ចប់ការបោះឆ្នោតជ្រើសរើសរបៀបវារៈបន្ទាន់ មហាសន្និបាតលើកទី១៣៩ របស់សហភាពអន្តរសភា នឹងចូលរូមពិភាក្សាលើប្រធានបទស្តីពី «ភាពជាអ្នក ដឹកនាំសភាក្នុងការជំរុញសន្តិភាព និងការអភិវឌ្ឍន៍ក្នុងយុគសម័យ នៃនវានុវត្តន៍ និងការផ្លាស់ប្តូរតាមបែបបច្ចេកវិទ្យា»។ លោកស្រីប្រធានគណៈប្រតិភូ គ្រោងនឹងឡើងថ្លែងសុន្ទរកថា ក្នុងឱកាសនោះផងដែរ។
ក្រៅពីនេះគណៈប្រតិភូសភា ក៏បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី២ ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព ហិរញ្ញវត្ថុ និងពាណិជ្ជកម្ម ទាក់ទងនឹង៖
* ការចូលរួមវិភាគទានរបស់ សភាចំពោះសន្និបាតរបស់អង្គការសហប្រជាជាតិឆ្នាំ២០១៨ ស្តីពីការប្រែប្រួលអាកាសធាតុ
* កិច្ចពិភាក្សាលើតួនាទីរបស់ពាណិជ្ជកម្មសេរី និងវិនិយោគ ដើម្បីសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសទាក់ទងនឹងសមភាពសេដ្ឋកិច្ច ហេដ្ឋារចនាសម្ព័ន្ធដោយចីរភាព
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទី៣ ស្តីពីលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដោយមានបទបង្ហាញ និងពិភាក្សាលើសេចក្តីព្រាង សេចក្តីសម្រេច ស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល លើការធ្វើចំណាកស្រុក និងអភិបាលកិច្ចជុំវិញការនុម័តជាសកល សម្រាប់ការធ្វើចំណាកស្រុកដោយសុវត្ថិភាព របៀបរៀបរយ និងរលូន។
ក្នុងឱកាសនោះដែរ លោកស្រី ហ្គា្រប៊ីឡា គូវាសបារ៉ុន ប្រធានសន្និបាតលើកទី១៣៩ នៅហ្សីណេវ៉ា បានឲ្យដឹងថា លោកស្រីនឹងទៅចូលរួមជាភ្ញៀវកត្តិយស លើកទី២៧ នៃវេទិកាសភាអាស៊ីប៉ាស៊ីហ្វិក នៅសៀមរាប ពីថ្ងៃទី១៤-១៧
ដែលកម្ពជាធ្វើម្ចាស់ផ្ទះតាមការអញ្ជើញរបស់សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធាន APPF លើកទី២៧៕