(ភ្នំពេញ)៖ ក្រុមមេធាវីចំនួន១៣៥៥រូប នឹងធ្វើការបោះឆ្នោត នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨ ស្អែកនេះ ដើម្បីជ្រើសតាំងប្រធានគណៈមេធាវីថ្មី១រូប ក្នុងអាណត្តិទី១២នេះ បន្ទាប់ពីប្រធានគណៈមេធាវីចាស់លោក សួន វិសាល ផុតអាណត្តិ។ បេក្ខភាពប្រធានគណៈមេធាវីសម្រាប់ការបោះឆ្នោតចុងក្រោយនេះ គឺលោកមេធាវី សួន វិសាល (ប្រធានគណៈមេធាវីចាស់) និងលោក សំ សុគង់ ដែលជាមេធាវីរបស់អតីតគណបក្សប្រឆាំង។
លោក សំ សុគង់ ជាមេធាវីម្នាក់មានឈ្មោះល្បីខាងការពារក្ដីជូនដល់សកម្មជនអ្នកនយោបាយ បានឲ្យថា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា មានអាណត្តិ២ឆ្នាំ ហើយប្រធានគណៈមេធាវីអាចកាន់តំណែង បានតែ២អាណត្តិប៉ុណ្ណោះ។
ថ្លែងប្រាប់ភ្នាក់ងារសារព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨, លោក សំ សុគង់ អាយុ៤១ឆ្នាំ បានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងអាណត្តិនេះ មេធាវីដែលពេញសិទ្ធិបោះឆ្នោតមាន១៣៥៥នាក់ ដែលគាត់ត្រូវទៅបោះឆ្នោតនៅថ្ងៃស្អែក ថ្ងៃទី១៦។ អាណត្តិរបស់ប្រធានគណៈមេធាវី ក្នុង១អាណត្តិមាន២ឆ្នាំ ហើយអាណត្តិរបស់ក្រុមប្រឹក្សាគណៈមេធាវី ក្នុង១អាណត្តិមាន៣ឆ្នាំ»។
លោក សំ សុគង់ ដែលបានធ្វើជាមេធាវីអស់រយៈពេល១៥ឆ្នាំហើយនោះ បានឲ្យដឹងបន្ថែមថា នៅក្នុងច្បាប់អ្នកដែលអាចឈរ ជាប្រធានគណៈមេធាវីបាន លុះត្រាតែគាត់ជាមេធាវីពេញសិទ្ធិ ចាប់ពី៣ឆ្នាំឡើងទៅ។ មិនតែប៉ុណ្ណោះ មេធាវីដែលចង់ឈរជាបេក្ខភាព ជាប្រធានគណៈមេធាវីនោះទៀតសោត មិនត្រូវមានជាប់ទណ្ឌកម្មការដាក់ពិន័យអ្វីឡើយ។
ពេលភ្នាក់ងារសារព័ត៌មានយើងសួរថា ហេតុអ្វីបានជាលោក សំ សុគង់ ចង់ឈរឈ្មោះជាប្រធានគណៈមេធាវី លោកបានឆ្លើយថា មិនអាចឆ្លើយបាននោះទេ ដោយសារតែថ្ងៃនេះជាថ្ងៃ «ស» ដែលហាមមិនឲ្យឃោសនាអ្វីទាំងអស់។
ដោយឡែក លោក សួន វិសាល កំពុងត្រៀមបន្តឈរជាបេក្ខជនសាជាថ្មីទៀតនឹងត្រូវប្រជែងជាមួយលោក សំ សុគង់ មិនអាចសុំការបំភ្លឺបានឡើយ។ លោកប្រធានវ័យ៥៣ឆ្នាំ ដែលបានធ្វើជាមេធាវីអស់រយៈពេល១៩ឆ្នាំហើយនោះ បាននិយាយដោយខ្លីថា ឲ្យសួរទៅខាងរដ្ឋបាលវិញ។
សូមជម្រាបថា គណៈមេធាវីនៃកម្ពុជា បានចំណូលថវិកាសំខាន់បានមកពីប្រភព៣យ៉ាង រួមមាន៖ ការបង់វិភាគទានរបស់សមាជិក ចំនួន១០ដុល្លារអាមេរិកក្នុង១ខែ, ជំនួយរបស់រាជរដ្ឋាភិបាល និងជំនួយរបស់អង្គការផ្សេងៗ ក៏ដូចជាម្ចាស់ជំនួយផងដែរ។ ប៉ុន្តែ ជំនួយថវិកាទាំងអស់ ប្រើសម្រាប់តែដើម្បីការពារជនក្រីក្រ ដោយសារតែគណៈមេធាវី មាននាយកដ្ឋានការពារជនក្រីក្រ៕