(ភ្នំពេញ)៖ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បានបណ្ដេញជនជាតិចិនចំនួន៩១នាក់ ចេញពីប្រទេសកម្ពុជា ក្រោយបង្ក្រាបបានពាក់ព័ន្ធបទល្មើសចាប់ជំរិតគំរាមទារប្រាក់ តាមប្រព័ន្ធអ៉ីនធីណេត កាលពីពេលកន្លងទៅថ្មីៗនេះ។
មុនធ្វើការបណ្ដេញចេញពីប្រទេសកម្ពុជា លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ក៏បានរៀបចំនូវសន្និសីទសារព័ត៌មានមួយផងដែរ ដោយបានបញ្ជាក់ថា ជនជាតិចិនដែលត្រូវបណ្ដេញនោះ មានចំនួន៩១នាក់ ក្នុងនោះស្រី២១នាក់ តាមជើងហោះហើរយន្តហោះពិសេសរបស់សមត្ថកិច្ចចិន។
សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News ដែលបានចុះទៅយកព័ត៌មានផ្ទាល់អំពីការបណ្ដេញជនជាតិចិន ចេញពីកម្ពុជាទៅប្រទេសដើមកំណើតវិញ ក៏បានឲ្យដឹងដែរថា ជនជាតិចិនទាំងអស់នោះ ត្រូវបានកម្លាំងនគរបាលអន្ដោប្រវេសន៍ បង្ក្រាបបានកាលពីពេលកន្លងទៅ ពាក់ព័ន្ធបទល្មើសចាប់ជំរិតគំរាមទារប្រាក់តាមប្រព័ន្ធអ៉ីនធីណេត។
សូមជម្រាបថា នេះមិនមែនជាលើកទី១នោះទេ ដែលកម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ បានធ្វើការបណ្ដេញជនជាតិបរទេស ចេញពីកម្ពុជា ក្រោយរកឃើញថា បានប្រព្រឹត្តអំពើខុសច្បាប់ និងលួចចូលមកស្នាក់នៅ ព្រមទាំងធ្វើការដោយគ្មានច្បាប់អនុញ្ញាតនៅក្នុងប្រទេសកម្ពុជា ព្រោះថាកាលពីពេលកន្លងទៅការបណ្ដេញចេញនេះ ក៏ត្រូវបានធ្វើជាបន្ដបន្ទាប់ផងដែរ៕