(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងថា ទោះជាអតីតព្រះមហាក្សត្រ សម្តេចព្រះបរមរតនកោដិ បានយាងសោយទិវង្គតអស់រយៈពេល៦ឆ្នាំក៏ពិតមែន ក៏ប្រជារាស្ត្រខ្មែរ នៅទូទាំងប្រទេស នៅតែចងចាំជានិច្ចមិនអាចបំភ្លេចក្នុងប្រវត្តិសាស្ត្រ ចំពោះព្រះបូជនីយកិច្ចដ៏ឧត្តុង្គឧត្តមរបស់ព្រះអង្គ ក្នុងការដណ្តើមបានទាំងស្រុងនូវឯករាជ្យជូនជាតិមាតុភូមិ។
លោកបានបែបនេះនាព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ក្នុងឱកាសដែលលោកដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃ ប្រជាពលរដ្ឋ ប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ។
លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា «ថ្ងៃនេះរដ្ឋបាលខេត្តព្រះវិហារ បានរៀបចំប្រារព្ធពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានយាងចូលទិវង្គតនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា នៅទីក្រុងប៉េកាំងប្រទេសចិន បើគិតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះគឺមានរយៈពេល៦ឆ្នាំហើយ»។
លោកអភិបាលខេត្តបានបន្តទៀតថា ទោះជារយៈពេល៦ឆ្នាំកន្លងផុតទៅ នៃការយាងចូលទិវង្គតរបស់ព្រះអង្គក៏ពិតមែន ក៏ប្រជារាស្ត្រខ្មែរនៅទូទាំងប្រទេស នៅតែចងចាំជានិច្ចមិនអាចបំភ្លេចបាន និងនៅតែក្តុកក្តួលសោកស្តាយឥតគណនា ដែលកម្ពុជាបានបាត់បង់នូវព្រះមហាវីរក្សត្រដ៏ឆ្នើមបំផុត ដែលព្រះអង្គជាព្រះបិតាសន្តិភាព ព្រះបិតាបង្រួបបង្រួមជាតិ និងផ្សះផ្សារជាតិ ទ្រង់បានលះបង់ព្រះកាយពល ព្រះបញ្ញាញាណភ្លឺថ្លា ឈ្លាសវៃ ពោរពេញដោយបទពិសោធន៍កំពូលរកគន្លឹះ ដោះស្រាយបញ្ហាកម្ពុជា ប្រកបដោយគតិបណ្ឌិត ទេព្យកោសល្យ និងសិល្បវិធីស្របតាមមាគ៍ា ដ៍ត្រឹមត្រូវនៃព្រះពុទ្ធសាសនា ធ្វើឱ្យភាគីកម្ពុជាទទួលយកដោយស្ងប់ចិត្ត ស្ងប់អារម្មណ៍ រួមរស់ជាមហាគ្រួសារតែមួយ ក្រោមដំបូលឆត្រ័តែមួយ គឺរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
ជាមួយគ្នានេះ លោក អ៊ុន ចាន់ដា រួមនិងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ ប្រជាពលរដ្ឋក្នុងខេត្តព្រះវិហារ បានធ្វើពិធីសូត្រមន្ត រាប់បាត្រ ឧទ្ទិសថ្វាយព្រះពរដល់ ព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបរមរតនកោដ្ឋ សូមបានយាងទៅសោយសុខនៅឋានសួគ៍ា និងសូមឱ្យប្រទេសកម្ពុជា ទទួលបាននូវសុខសន្តិភាព វិបុលភាពនិងរីកចំរើនជានិច្ចនិរន្តន៍តរៀងទៅ៕