(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ បានសម្ដែង នូវការអបអរសាទរចំពោះកីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា ដែលបានទទួលមេដាយមាស១គ្រឿង ក្នុងការប្រកួតកីឡាប៉េតង់ ជាក្រុមអន្ដរជាតិ នៅប្រទេសបារាំង។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់នៅលើទំព័រ Facebook ផ្លូវការយ៉ាងដូច្នេះថា «អបអរសារទរកីឡាប៉េតង់កម្ពុជាឈ្នះមេដាយមាស ក្នុងការប្រកួតដណ្ដើមពានរង្វាន់ជាក្រុមអន្តរជាតិ នៅប្រទេសនៅបារាំង។ ក្នុងនាមខ្ញុំជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ខ្ញុំយល់ថានេះ គឺពិតជាមោទនភាពជាតិយើង។ កម្ពុជារីករាយអបអរសាទរចំពោះវីរកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និងអ៊ុន ស្រីយ៉ា ដែលទទួលបានមេដាយមាស១គ្រឿង នៅក្នុងការប្រកួតកីឡាប៉េតង់ដណ្ដើមពានរង្វាន់ជាក្រុមអន្តរជាតិនៅប្រទេសបារាំង»។
សូមជម្រាបថា ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា រួមមានកីឡាការិនី កែ ឡេង, អ៊ុក ស្រីមុំ និង អ៊ុន ស្រីយ៉ា បានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយផ្ដួលក្រុមកីឡាការិនីម្ចាស់ផ្ទះបារាំង ឈ្នះមេដាយមាស និងពានធំផ្នែកនារី នៃព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពានរង្វាន់អន្ដរជាតិ Trophee L'Equipe លើកទី២ នៅប្រទេសបារាំង នារាត្រីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨។
នេះគឺជាមេដាយមាស និងពានទី៣ ដែលក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា ដណ្ដើមបានពីព្រឹត្តិការណ៍កម្រិតពិភពលោកខាងលើ ក្រោយយកឈ្នះក្រុមកីឡាការិនីម្ចាស់ផ្ទះបារាំង ដោយពិន្ទុ ១៣-៣ លើវិញ្ញាសានារី ៣នាក់ទល់នឹង ៣នាក់ ។ និយាយជារួម សម្រាប់វិញ្ញាសាផ្នែកនារីទាំង ៣ រួមមានវិញ្ញាសាឯកត្តជន, វាយគូ ២នាក់ទល់នឹង ២នាក់ និងវិញ្ញាសា ៣នាក់ទល់នឹង ៣នាក់ គឺក្រុមកីឡាការិនីកម្ពុជា ដណ្ដើមបានជ័យលាភីលេខ១ គ្រប់វិញ្ញាសាទាំងអស់៕