(ភ្នំពេញ)៖ ក្រុមការងារសាងសង់វិមានឈ្នះឈ្នះ ក្រោមការដឹកនាំផ្ទាល់ពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសាងសង់ វិមានឈ្នះឈ្នះ បានបញ្ជាក់អំពីការខិតខំប្រឹងប្រែងយ៉ាងមុះមុត នៃការសាងសង់វិមានឈ្នះឈ្នះឲ្យរួចតាមការគ្រោងទុក ដើម្បីដាក់សម្ពោធជាផ្លូវការ ក្នុងព្រឹត្តិការណ៍ដ៏ធំ និងជាប្រវត្តិសាស្ដ្ររបស់ជាតិ នាថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ខាងមុខ ចំថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃការគោលនយោបាយឈ្នះឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ បានបញ្ជាក់ថា ទ្វារទាំងបី, រូបចម្លាក់សម្រាប់ដាក់នៅតាមជញ្ជាំងនាទស្សវត្សរ៍៧០-៨០ និងនៅលើអាងទឹក ព្រមទាំងសារមន្ទីរមគ្គុទេសតេជោ សែន សម្រាប់បំពាក់នៅលើប៉មកណ្ដាលនៃវិមានឈ្នះឈ្នះនោះ ត្រូវបានក្រុមការងារដឹកមកដល់វិមានឈ្នះឈ្នះហើយ នៅព្រឹកមិញ ដើម្បីរៀបចំដំឡើងនាពេលឆាប់ៗខាងមុខនេះ។
ដោយសារមានការណែនាំពីសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការសាងសង់វិមានឈ្នះឈ្នះ ដោយបានផ្ដល់អនុសាសន៍ឲ្យក្រុមការងារ ត្រូវខិតខំប្រឹងប្រែងដើម្បីបញ្ចប់ការសាងសង់តាមការគ្រោងទុកនោះ នៅព្រឹកមិញ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ រួមជាមួយសហការីជំនាញៗ បានចុះទៅពិនិត្យមើលផ្ទាល់នៃដំណើរការសាងសង់ និងណែនាំបន្ដឲ្យក្រុមការងារខិតខំប្រឹងប្រែង ដើម្បីបញ្ចប់តាមការគ្រោងទុករបស់ថ្នាក់ដឹកនាំ។
ក្រៅពីទ្វារទាំងបី រូបចម្លាក់ និងសារមន្ទីរមគ្គុទេសតេជោ សែន នោះ នាយឧត្តមសេនីយ៍ ក៏បានអះអាងដែរថា តំបន់សមិទ្ធផល នៃដំណើរការសាងសង់វិមានឈ្នះឈ្នះ ក៏នឹងត្រូវដំឡើងនាពេលឆាប់ៗ ខាងមុខនេះផងដែរ។
នាយឧត្តមសេនីយ៍រូបនេះ បានបន្ដទៀតថា នៅថ្ងៃស្អែកទី១៦ ខែតុលា សម្ដេចពិជ័យសេនា ទៀ បាញ់ នឹងដឹកនាំក្រុមការងារដើម្បីរៀបចំដំណើរការ នៃពិធីសម្ពោធជាផ្លូវការនាចុងខែធ្នូ ឆ្នាំ២០១៨ខាងមុខ។
សូមជម្រាប វិមានឈ្នះ-ឈ្នះ ដែលជានិម្មិតរូប នៃសុខសន្តិភាពកម្ពុជា និងជាតឹងតាងលេចចេញពីនយោបាយឈ្នះ-ឈ្នះ បាននិងកំពុងសាងសង់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ គ្រោងសម្ពោធជាផ្លូវការដ៏ធំ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
វិមានឈ្នះ ឈ្នះនេះ បានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦ ដោយទំហំដី៨ហិចតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ការសាងសង់វិមានឈ្នះ ឈ្នះ នេះ គឺដើម្បីរំឭកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យ កាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ។ ម្យ៉ាងទៀតវិមាននេះ ក៏ជានិម្មិតរូប នៃសុខសន្តិភាពដែលកម្ពុជា ទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននេះនឹងក្លាយជាកេរមរតកសម្រាប់កូនចៅជំនាន់ក្រោយផងដែរ។
នេះជាការបញ្ជាក់បន្ថែមពីនាយឧត្តមសេនីយ៍ ណឹម សុវត្ថិ ដែលបានប្រឹងប្រែងយ៉ាងមុះមត់ ក្នុងការដឹកនាំក្រុមការងារសាងសង់វិមាន ជាប្រវត្តិសាស្រ្តមួយនេះ តាមការណែនាំ និងចង្អុលបង្ហាញជាប្រចាំរបស់សម្តេចពិជ័យសេនា ទៀ បាញ់៕