(ភ្នំពេញ)៖ លោក ហ្រ្គីន ប្រធានសមាគមអ្នកថតរូប ដែលធ្លាប់ទទួលបានបណ្ណសរសើរការថតរូប ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងកម្មវិធីកិច្ចប្រជុំកំពូលអាស៊ាន កាលកម្ពុជាធ្វើម្ចាស់ផ្ទះ និងលោក សុភ័ក្ត្រ អ្នកជំនាញថតរូបនិងជាស្ថាបនិកម្ចាស់ទំព័រ «រៀនថត» បានឈរធ្វើបទបង្ហាញយ៉ាងអស្ចារ្យ ស្តីពីការប្រើប្រាស់ម៉ាស៉ីនថតរូប ចំពោះមុខមហាជនជាច្រើននាក់ នៅផ្សារទំនើបអ៉ីអន២ កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨។
ការមានឱកាសឡើងធ្វើបទបង្ហាញ ជាសាធារណៈរបស់អ្នកទាំងពីរ ផ្តល់ឱកាសដោយក្រុមហ៊ុនជប៉ុនឈ្មោះ FUJIFILM នៅលើឆាកដ៏អស្ចារ្យនេះ ហាក់បីដូចជាជំហានថ្មីៗ នាំពួកលោកទៅកាន់ភាពជោគជ័យទ្វេដង បន្ទាប់ពីការជោគជ័យលើការថតរូបនិងផលិតវីដេអូកន្លងមក។ អ្នកជំនាញទាំងពីររូបនេះ ក៏ធ្លាប់បានឈ្នះរង្វាន់ជាច្រើនដងមកហើយ ស្តីពីការប្រឡងសិល្បៈនៃការថតរូបភាព និងផលិតឯកសារវីដេអូ។
សូមជម្រាបថា កម្មវិធីដ៏ធំមួយនេះ មានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុនរបស់ជប៉ុន ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ អ្នកជំនាញថតរូបភាព អ្នកផលិតឯកសារវីដេអូ និងអ្នកសារព័ត៌មានជាច្រើនរូប។ ជាមួយគ្នានេះ ក៏មានការចូលរួមពីកញ្ញា សុខ ស្រីនាង តារាចម្រៀងញញឹមស្រស់ របស់ផលិតកម្មរស្មីហង្សមាសផងដែរ៕