(តាកែវ)៖ នៅមុខប្រជាពលរដ្ឋ និងមន្ត្រីរាជការទូទាំងខេត្ត ក្នុងពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវិរក្សត្រ ព្រះវរាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប៦ឆ្នាំ នៃការយាងសោយទីវង្គត ដែលបានរៀបចំឡើងនៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨នេះ លោក អ៊ូច ភា អភិបាលតាកែវ បានអំពាវនាវឱ្យ បងប្អូនប្រជាពលរដ្ឋខ្មែរទូទាំងខេត្តតាកែវ បន្តរួបរួមសាមគ្គីគ្នាជាធ្លុងមួយតាម ព្រះរាជបណ្ដាំរបស់ព្រះបរមរតនកោដ្ឋ មុនពេលដែលព្រះអង្គសោយទីវង្គត។
នៅក្នុងឱកាសនោះដែរ លោកអភិបាលខេត្តបានថ្លែងថា ប្រជាពលរដ្ឋខ្មែរជាកូនចៅ ចៅទូតទាំងអស់ ពិតជាចងចាំមិនអាចបំភ្លេចបាននូវព្រះមហាករុណាទិគុណ របស់ព្រះមហាវិរក្សត្រ ដែលបានលះបង់ ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី ផ្សះផ្សាជាតិ និងបង្រួបបង្រួមជាតិខ្មែរ ដោយបានធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាយើង មានសុខសន្តិភាព និងការអភិវឌ្ឍន៍ឥតឈប់ឈរ។
លោកអភិបាលខេត្តតាកែវ បានបន្តថា ព្រះមហាវិរក្សត្រ ព្រះអង្គតែងតែផ្ដែផ្ដាំកូនប្រជានុរាស្រ្តទាំងអស់ ឱ្យចេះស្រឡាញ់រួបរួមសាមគ្គីគ្នា ជាធ្លុងមួយ ដើម្បីកុំឱ្យបរទេសមើលងាយយើងបាន ជាពិសេសត្រូវថែរក្សាឯកភាពជាតិតែមួយ ដើម្បីធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសជាតិ ឱ្យកាន់តែមានភាពសម្បូសម្បាយរុងរឿងទ្វើឡើង។ ដូច្នោះក្នុងនាមយើងទាំងអស់ គ្នាជាកូនចៅជំនាន់ក្រោយ ត្រូវចងចាំពាក្យបណ្ដាំ របស់ព្រះអង្គដោយត្រូវរូបរួមសាមគ្គីគ្នាជាធ្លុងមួយ នៅក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក អ៊ូច ភា បានបញ្ជាក់ថា «ក្នុងនាមយើងជាពលរដ្ឋខ្មែរយើង ត្រូវតែប្រឆាំងដាច់ខាតចំពោះពួកបរទេសមួយចំនួន ដែលមានបំណងមិនល្អ ចំពោះប្រទេសយើង ពោលប្រជាពលរដ្ឋខ្មែរមិនត្រូវឱនក្បាល ជាដាច់ខាតចំពោះបរទេសដែល និងនាំឱ្យបាត់បង់អធិបតេយ្យជាតិ និងបាត់បង់ស្ថិរភាពរបស់ប្រទេសជាតិយើង។ ប្រជាពលរដ្ឋខ្មែរត្រូវតែរូបរួមសាមគ្គីគ្នាក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេស ឱ្យកាន់តែរីកចម្រើនទៅមុខទៀត»៕