(កំពង់ចាម)៖ លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានលើកឡើងថា នាពេលកន្លងមក អង្គការស្ពាន បានធ្វើកិច្ចការមនុស្សធម៌ ទទួលបានសមិទ្ធិផលជាច្រើន នៅក្នុងខេត្តកំពង់ចាម ហើយកិច្ចការនេះ ពិតជាបានចូលរួមចំណែកចូលរួមរំលែកទុក្ខលំបាក របស់ប្រជាពលរដ្ឋយ៉ាងពិតប្រាកដ លោកសូមគាំទ្រយ៉ាងពេញទំហឹង នូវសកម្មភាពកិច្ចការមនុស្សធម៌របស់អង្គការស្ពាន និងសូមឱ្យអង្គការនេះ បន្តការងាររបស់ខ្លួន ឱ្យបានជោគជ័យតាមផែនការបន្តទៀត។
ការលើកឡើងរបស់លោក គួច ចំរើន បានធ្វើឡើងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ដែលជាថ្ងៃគម្រប់ខួបទី៦ នៃការយាងចូលទីវង្គត់ របស់ព្រះករុណា សម្តេច ព្រះបរមរតនកោដ្ឋ សម្តេច ព្រះនរោត្តម សីហនុ ហើយក៏ជាថ្ងៃដែលមន្ត្រីរាជការទូទាំងប្រទេស ប្រារព្ធពីធីគោរព្ធវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋផងដែរ។
ជាមួយគ្នានេះដែរ មុនពេលដឹកនាំមន្ត្រីរាជការ ក្នុងខេត្តកំពង់ចាម ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ លោក គួច ចំរើន បានអញ្ជើញចូលរួមសំណេះសំណាលជាមួយកុមារកំព្រា កុមាររងគ្រោះ និងកុមារក្រីក្រជាង៣០០នាក់ នៅក្នុងបរិវេណសាលាបឋមសិក្សា ហ៊ុន ណេង បឹងស្នាយ ស្តិតក្នុងភូមិតាណេង សង្កាត់សំបួរមាស ក្រុងកំពង់ចាម តាមការអញ្ជើញរបស់អង្គការ ស្ពាន នៃជនជាតិហូឡង់។
លោក គួច ចំរើន បានថ្លែងអំណរគុណដល់អង្គការស្ពាន ដែលបានខិតខំស្វែងរកជំនួយពីសប្បុរសជននានា ផ្តល់ជាអំណោយដល់កុមារកំព្រា កុមារក្រីក្រ និងកុមាររងគ្រោះនាពេលនេះ និងពេលកន្លងមក។ លោកអភិបាលខេត្ត ក៏បានអរគុណផងដែរ ដល់អស់លោក សប្បុរសជនទាំងឡាយ ដែលពួកគាត់បានបរិច្ចាគ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីកិច្ចការមនុស្សធម៌តាមរយៈអង្គការស្ពាន ដោយមិនដែលទាមទារលក្ខខណ្ឌ អ្វីឡើយ។
នៅក្នុងឱកាសនោះដែរ លោក គួច ចំរើន បានចែកអំណោយ មានជាកង់១០គ្រឿង និងសម្ភារសិក្សាជាដើមដល់កុមារកំព្រា កុមារក្រីក្រផងដែរ៕